ភ្នំពេញ ៖ រថន្តលាយបេតុង១គ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅកៀរអ្នកជិះម៉ូតូរួចកិនបណ្ដាលឲ្យស្ត្រីជាប្រពន្ធដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកបុរសជាប្ដីរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី៣១ ខែមិីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភ្លើងស្តុបតាមផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះហ៊ន ភារិន អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ មុខរបរកម្មការិនីរោងចក្រនិងស្នាក់នៅជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌកំបូល ។ ប្ដីឈ្មោះសារិន សំអាន អាយុ៣១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនម៉ូតូហុងដា និងមានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ធំ1L-9853ជាមួយប្ដីធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយប្ដីជាអ្នកឌុប ចេញពីផ្ទះជួលទៅស្រុកកំណើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងដៃចូលទៅមហាវិថីឈ្នះ=ឈ្នះ ស្របពេលនោះមានរថយន្តលាយបេតុងម៉ាកហុីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ5A-1034 បើកបរស្របទិសគ្នាទៅដល់ក៏កៀរម៉ូតូជនរងគ្រោះពីក្រោយបណ្ដាលឲ្យដួលហើយប្រពន្ធខ្ទាតចូលក្រោមកង់រថយន្តកិនដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗ ចំណែកប្ដីខ្ទាតចេញរងរបួសស្រាល។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖ និន សុភ័ស្ត