ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថានៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុសហការជាមួយអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងប៉ុស្តិ៍នគរបាលឃុំបិតត្រាំង បង្ក្រាបករណីលួចខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ ឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ កាលម៉ោង១១និង៣០ ថ្ងៃទី ៣០មីនា២០២១ នៅចំណុច ពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លោកស្នងការឲ្យដឹងបន្ថែមថា ជនសង្ស័យបាន ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណ: ដែលទើបដាក់ថ្មី នៅតាមផ្លូវជាតិលេខ៤ ម្តុំជិតផ្លូវចូលក្បាលឆាយ ក្នុងសង្កាត់លេខ១ និងតាមផ្លូវបំបែកចុះទៅវត្តអូរត្រេះ (ផ្លូវអាឡាំងដឺឡុង) សង្កាត់លេខ៤ ក្រុង ព្រះសីហនុ កាលពីថ្ងៃទី២៧ រហូតថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះសុច ចាន់ឌី ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២- ឈ្មោះសុច ចាន់ធួន ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិគគីរ ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
វត្ថុតាងដកហូតបាន ៖
១.សំបកខ្សែភ្លើងនិងបន្ទះលួសរុំខ្សែភ្លើងមួយចំនួនធំ
២.ពូថៅដៃចំនួន០២ (តូច០១)
៣.រណាអាដែកចំនួន០១
៤.កាំបិតផ្គាក់ចំនួន០២
៥.ជំពាមកៅស៊ូ គ្រាប់ដែកចំនួន ០១
៦.ម៉ូតូ០១គ្រឿងម៉ាក Exicter ពណ៌ ខ្មៅ គ្មានស្លាកលេខ
៧.ដែកដកចំនួន០១។
៨.ស្ពាន់ខ្សែភ្លើងប្រភេទ Thipha Cable 2020 ចំនួន០៣ប៉ាវ។
ផ្អែកលើចម្លើយសារភាពពីជនសង្ស័យទាំង០២នាក់ សមត្ថកិច្ចបានបន្តចុះទៅត្រួតពិនិត្យឆែកឆេរ នៅទីតាំងកន្លែងទទួលផលចោរកម្មដែលស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលមានម្ចាស់ផ្ទះឈ្មោះ ឡុញ សឿ ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបរ ទិញលក់អេតចាយ ស្នាក់នៅទីតាំងខាងលើ ក្នុងនោះពេលសមត្ថកិច្ច ទៅដល់ ឈ្មោះ ឡុញ សឿ មិនបាននៅផ្ទះទេ នៅតែប្រពន្ធឈ្មោះ កឹម ឌី អាយុ ២៨ឆ្នាំ មានផ្ទៃពោះ០៦ខែ ហើយប្រពន្ធបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច ថានឹងនាំប្តីរបស់ខ្លួនឈ្មោះ ឡុញ សឿ មកប្រគល់ជូន សមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរបន្តតាមនិតិវិធី។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បី ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ ឆ្លាម សមុទ្រ