ក្រុមតោកំណាចអង់គ្លេសបានយកឈ្នះក្រុមភ្ញៀវជម្រើសជាតិប៉ូឡូញក្នុងលទ្ធផល២ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសានេះ ដើម្បីឡើងឈរលេខ១ក្នុងពូល I សម្រាប់ការប្រកួតជម្រុះ World Cup 2022 តំបន់អឺរ៉ុប។ នេះបើតាមការផ្សាយរបស់ BBC Sport ។
ការប្រកួតក្នុងទឹកដីអង់គ្លេស ធ្វើឲ្យក្រុមខ្លាំងមួយនេះគ្រប់គ្រងបាល់រហូតដល់៦៤ភាគរយ ខណៈដែលក្រុមប៉ូឡូញមានតែ៣៦ភាគរយប៉ុណ្ណោះ។ ចំណែកការស៊ុតគឺអង់គ្លេសមាន១០ ប៉ូឡូញមាន៤ និងការស៊ុតចំគោលដៅអង់គ្លេសមានរហូតដល់៤ដង ខណៈដែលប៉ូឡូញមានតែ១ប៉ុណ្ណោះ។
ការប្រកួតក្នុងតង់ទី១ មិនបាន២០នាទីផង កីឡាកររបស់ក្រុមប៉ូឡូញធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់ ជាហេតុនាំឲ្យអាជ្ញាកណ្តាលពិន័យបាល់ប៉េណាល់ទី ដែលជាការស៊ុតដោយប្រធានក្រុម Harry Kane នៅនាទីទី១៩។ លទ្ធផលនេះធ្វើឲ្យក្រុមអង់គ្លេសនាំមុខ១គ្រាប់រហូតដល់ចប់ការប្រកួតក្នុងតង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមអង់គ្លេសនៅតែគ្រប់គ្រងបាល់បានច្រើនជាងក្រុមប៉ូឡូញ ហើយឱកាសបញ្ជូនបាល់ទៅមុខទីគូប្រកួតក៏មានច្រើនដែរ ប៉ុន្តែនៅនាទីទី៥៨ កីឡាករ Jakub Moder របស់ក្រុមជម្រើសជាតិប៉ូឡូញរកបាន១គ្រាប់សងវិញ ជាហេតុធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១។ ចូលដល់នាទីទី៨៥ជិតចប់ការប្រកួតហើយ ខ្សែការពាររបស់ក្រុមអង់គ្លេស Harry Maguire បានស៊ុតបាល់១គ្រាប់ចុងម៉ោងចូលទីក្រុមប៉ូឡូញ ធ្វើឲ្យចប់ការប្រកួត៩០នាទី ក្រុមអង់គ្លេសយកឈ្នះក្រុមប៉ូឡូញ២ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុមអង់គ្លេសឡើងឈរចំណាត់ថ្នាក់លេខ១ក្នុងពូលI មាន៧ពិន្ទុ ក្នុង៣ប្រកួតនៃវគ្គជម្រុះ World Cup នេះដោយមិនដែលស្គាល់រសជាតិចាញ់ទាល់តែសោះ។ ចំណែកក្រុមឈរចំណាត់ថ្នាក់លេខ២គឺក្រុមហុងគ្រីមាន៧ពិន្ទុ ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះអង់ដូរ៉ាស់៤ទល់១ដែរ ខណៈដែលក្រុមប៉ូឡូញក្រោយពីបរាជ័យបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៤មានតែ៤ពិន្ទុប៉ុណ្ណោះ។
បច្ចុប្បន្នក្រុមអង់គ្លេសបានឈ្នះការប្រកួតជម្រុះក្នុងផ្ទះចំនួន២០លើកចុងក្រោយរបស់ពួកគេសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប / World Cup ចាប់តាំងពីខែតុលា ឆ្នាំ២០១២មក។ អង់គ្លេសទើបតែចាញ់មួយប្រកួតក្នុងចំណោមការប្រកួតអន្តរជាតិ២០លើករបស់ពួកគេទល់នឹងប៉ូឡូញ (ឈ្នះ១២លើក, ស្មើ៧លើក) និងមិនដែលចាញ់សោះក្នុង១៧ប្រកួតចុងក្រោយ ៕ដោយ៖ភារៈ