ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងដល់ទៅជាង១២៩លាននាក់ ក្នុងនោះមានករណីឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោង ដល់ទៅ៦២៣ពាន់នាក់ ។ ចំណែកអ្នកស្លាប់វិញ នៅទូទាំងពិភពលោក មានដល់ទៅជាង២,៨លាននាក់ ក្នុងនោះមាន១២ពាន់នាក់ស្លាប់ថ្មីក្នុងពេល២៤ម៉ោង។
នៅក្នុងទ្វីបអាមេរិក អាចនឹងប្រឈមរលកកូវីដ-១៩ថ្មី នឹងកាន់តែអាក្រក់ថែមទៀត ក្នុងនោះមានប្រេស៊ីល ប៉ារ៉ាហ្គាយជាដើម។ អគ្គលេខាធិការអង្គការសុខភាពទ្វីបអាមេរិក PAHO លោកស្រី Carissa Etienne បានឲ្យដឹងថា នៅក្នុងរដូវវិស្សមកាល អាចនឹងមានការប្រមូលផ្តុំគ្នាច្រើន បង្កឲ្យមានការឆ្លងច្រើន ។
លោកស្រីបានជំរុញឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ហើយបណ្តាប្រទេស ត្រូវតែពិចារណាឡើងវិញមុនពេលកាត់បន្ថយការរិឹតត្បិត ។ បច្ចុប្បន្ននៅក្នុងប្រទេសប្រេស៊ីល ប៉េរូ ឈីលី និងប៉ារ៉ាហ្គាយ មានចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ។ ជាមួយគ្នានេះដែរពលរដ្ឋនៅទ្វីបអាមេរិក១២៤លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ និង ៥៨លាននាក់បានចាក់វ៉ាក់សាំងដូសទីពីរ ។
ដោយឡែកនៅក្នុងតំបន់អឺរ៉ុបវិញ ក៏មានករណីឆ្លងច្រើន ធ្វើឲ្យប្រទេសមួយចំនួនក្នុងតំបន់បានសម្រេចបិទទ្វារជាថ្មី ។ កន្លងមកប្រធានាធិបតី បារាំង លោកម៉ាក្រុង បានប្រកាសបិទប្រទេសជាលើកទី៣ ដើម្បីយកឈ្នះទៅលើកូវីដ-១៩ ឲ្យបានឆាប់បំផុត។
ក្រៅពីនេះ ប្រទេសអីុតាលី ហ្វាំងឡង់ និងប្រទេសមួយចំនួនទៀតក៏បានរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាថ្មី ។ បើទោះបីមានមនុស្សជាច្រើនបានចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក ប៉ុន្តែករណីឆ្លងកូវីដ-១៩ នៅតែបន្តកើនឡើងខ្ពស់ដដែល៕ ដោយ សាធី