ភ្នំពេញ៖ ចាត់ទុកថា ការគ្រប់គ្រងពន្ធនាគារ ប្រកបដោយភាពធូររលុង ខ្វះការទទួលខុសត្រូវ ឬជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ណាមួយទើបទីតាំងពន្ធនាគារ ដែលជាមណ្ឌលកែប្រែអប់រំ អ្នកជាប់ពិរុទ្ធ ឬទណ្ឌិត បានក្លាយទៅជា ទីដ៏សុខសាន្ដរបស់ជនល្មើស ចេញពីក្រុមទណ្ឌិតធ្វើសកម្មភាពបញ្ជាគ្រប់ទិសទីក្នុងការចរាចរណ៍គ្រឿងញៀនបែបនេះទៅវិញ? ។
ថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ឫស្សីកែវ កម្លាំងជំនាញមន្ទីរយុត្តិធម៌ និងកម្លាំងជំនាញការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន បានសហការគ្នា ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការកំណត់មុខសញ្ញាបាន និងបង្រ្កាបជាក់ស្ដែងនូវមុខសញ្ញាជួញដូរគ្រឿងញៀន ជាលក្ខណៈទ្រង់ទ្រាយធំកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចចំណតរថយន្ដក្រុមហ៊ុនអង្គរអ៊ិចប្រេស ក្បែរគល់ស្ពានជ្រោយចង្វា។
ប្រតិបត្តិការនេះ សមត្ថកិច្ចចាប់យកបានគ្រឿងញៀនប្រភេទម៉ាទឹកកក ឬហៅថា មេតំហ្វេតាមីន(អាយស៍) ជាង៣គីឡូក្រាម និងថ្នាំគ្រាប់WY ឬហៅថា មេតំហ្វេតាមីនគ្រាប់ចំនួន១៧សុង និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌី ធូរ៉ា ហៅត្រា ភេទប្រុស អាយុ៣២ឆ្នាំ ក្នុងខណៈរូបគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្ដែង។ ក្រៅពីនេះ សមត្ថកិច្ចជំនាញ បានរកឃើញជនជាប់ពាក់ព័ន្ធ ចំនួន៥នាក់ផ្សេងទៀត ដែលជាទណ្ឌិតកំពុងអនុវត្តទោស ក្នុងពន្ធនាគារព្រៃសម១ ក្នុងនោះមានជនជាតិខ្មែរ២នាក់ ជនជាតិវៀតណាមម្នាក់ និងជនជាតិស្បែកខ្មៅ២នាក់។
ពាក់ព័ន្ធទៅនឹងក្រុមជនសង្ស័យ ជួញដូរគ្រឿងញៀន សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើសន្និសីទកាសែតបង្ហាញមុខ ជាមួយនឹងវត្ថុងតាងគ្រឿងញៀន ចាប់យកកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ ហើយនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។
បើទោះជាប្រតិបត្តិការដោយយកចិត្តទុកដាក់ របស់មន្រ្ដីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ ប្រកបដោយជោគជ័យ ទាំងការស្រាវជ្រាវ ឈានដល់ការចាប់ក្នុងបទល្មើសជាក់ស្ដែង បែបនេះក៏ដោយ អ្វីដែលចម្លែក និងមិននឹកស្មានដល់នោះត្រង់ថា ហេតុអ្វីក៏ជនល្មើសសុទ្ធតែជាទណ្ឌិត កំពុងអនុវត្តទោសក្នុងពន្ធនាគារព្រៃសម១ មានឱកាស និងមធ្យោបាយគ្រាន់សម្រាប់ប្រព្រឹត្តបទល្មើស និងយកពន្ធនាគារ ធ្វើជាទីតាំងបញ្ជាដល់បក្ខពួករបស់ខ្លួនប្រព្រឹត្តបទល្មើសគ្រឿងញៀនបែបនេះទៅវិញ?។
សមត្ថកិច្ចបានលើកឡើងថា ជនល្មើសយកទីតាំងពន្ធនាគារ ធ្វើជាកន្លែងបញ្ជាប្រព្រឹត្តបទល្មើស គឺជាមធ្យោបាយមួយដ៏ធំ សម្រាប់សុវត្ថិភាពពួកគេ គេចផុតពីក្រសែភ្នែកការប្រមាញ់របស់សមត្ថកិច្ច ប៉ុន្តែអ្នកគ្រប់គ្រង ពន្ធនាគារប្រឈមទៅនឹងការទទួលខុសត្រូវលើបញ្ហានេះ មិនត្រូវបណ្ដែតបណ្ដោយ ធ្វេសប្រហែស ធូររលុង ខ្វះការទទួលខុសត្រូវ ឬជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ឃុបឃិតផ្សំគំនិត ជាមួយក្រុមជនល្មើស ជាទណ្ឌិតទាំងនោះឡើយ ។
បើយ៉ាងដូច្នេះមណ្ឌលកែប្រែអប់រំទៅលើ ជនជាប់ពិរុទ្ធ និងទណ្ឌិតឱ្យក្លាយទៅជាពលរដ្ឋល្អ ភ្ញាក់រលឹក ឱ្យស្គាល់ សេចក្ដីថ្លៃថ្នូរ សាងអំពើល្អក្នុងសង្គម មិនប្រាកដថា នឹងអាចធ្វើទៅបាននោះទេ បើជាក់ស្ដែងមណ្ឌលកែប្រែក្លាយទៅជាទីតាំងជនល្មើសជ្រកកោន ទណ្ឌិតមានឱកាសប្រព្រឹត្តបទល្មើសចេញមកខាងក្រៅ ពាសវាលពាសកាលយ៉ាងនេះ ។
កន្លងទៅសមត្ថកិច្ចនគរបាលនិងកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏ធ្លាប់ចាប់ខ្លួន ទណ្ឌិតនៅពន្ធនាគារត្រពាំងថ្លុង មណ្ឌលកែប្រែម៣ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងសកម្មភាពចែកចាយ គ្រឿងញៀនជាក់ស្ដែង មិនយូរប៉ុន្មានផង បែរជាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវមុខសញ្ញាគ្រឿងញៀន ឈានដល់ការឃាត់ខ្លួន ទណ្ឌិតជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារព្រៃសម១ បន្ថែមទៀត។
ពាក់ព័ន្ធករណីនេះ «នគរដ្រេហ្គន»មិនអាចទាក់ទងបានទេ ពីលោកស្រ៊ុន លាង ប្រធានមណ្ឌលកែប្រែម១ ដោយទូរស័ព្ទ ចូលតែត្រូវបានបិទ។ ដោយឡែកលោកគុយ ប៊ុនសន អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ ក៏មិនអាចទាក់ទងបានដែរ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
បាតុភាពជាច្រើនបានកើតមាននៅក្នុងពន្ធនាគារព្រៃស ក្នុងនោះមានទាំងការគាបសង្កត់ទៅលើក្រុមគ្រួសារជនជាប់ចោទ ពិរុទ្ធជន ទណ្ឌិត ពេលដែលត្រូវទៅសុខទុក្ខ មានអំពើសូកប៉ាន់ ទៅលើការដោះដូរបន្ទប់ស្នាក់នៅរបស់ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត ក៏ដូចជាការចេញលំហែកាយ ដែលគេនិយាយការទូតចេញលំហាត់ប្រាណនោះ ក៏ត្រូវបង់ប្រាក់។ ដោយឡែកការប្រើប្រាស់ ការជួញដូរ ចែកចាយគ្រឿងញៀន នៅតែមានឱកាសខណៈ អ្នកគ្រប់គ្រង មើលមិនដិតដល់ ឬអាចនិយាយបានថា កំពុងងប់ងល់ទៅនឹងការទទួលសំណូក ពីព្រោះកន្លងទៅមន្រ្ដីអនុរក្ស ពន្ធនាគារនេះតែម្ដង ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលដែលរូបគេ ទទួលបញ្ញើជាគ្រឿងញៀនសម្រាប់យកឱ្យអ្នកទោសចែកចាយនោះផងដែរ។ ដូច្នេះថ្នាក់លើ គួរតែពិនិត្យឡើងវិញចំពោះមណ្ឌលកែប្រែដេលមានភាពមិនប្រក្រតី ជាច្រើនកំពុងកើតមាន ក្នុងនោះមានជនជាប់ជោទ ពិរុទ្ធជន និងទណ្ឌិតខ្លះ ដែលគេនិយមហៅថា អ្នកទោសកាលីបលើ មានកង្ហារប្រើជាលក្ខណៈវីអាយភី មានទូរស័ព្ទទំនើបប្រើប្រាស់ មានឱកាសទិញគ្រឿងស្រវឹងផឹកស៊ី នេះមិនទាន់គិតថា អាចនឹងមានអ្នកគ្រប់គ្រងពន្ធនាគាររកស្រីស្នេហ៍ឱ្យ ឬក៏អនុញ្ញាតឱ្យចេញពីពន្ធនាគារមកសប្បាយម្ដងម្កាលផងក៏មិនដឹង បើការគ្រប់គ្រងធូរម្លឹងៗទៅហើយ៕
ដោយ៖ សុខ ខេមរា