លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានដឹកនាំក្រុមការងារចុះសម្អាតអនាម័យតាមមាត់ទន្លេស្ថិតក្នុងភូមិញើន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក សុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន បានដឹកនាំក្រុមការងារស្រុក លោកមេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋ បំផុសឲ្យនាំគ្នាចូលរួមកាប់ព្រៃ ប្រមូលសំរាមសម្អាតធ្វើអនាម័យតាមមាត់ទន្លេឲ្យមានសោភណភាព ខ្យល់បរិសុទ្ធដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋ។ ការចូលរួមធ្វើអនាម័យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិញើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកសុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុកសេសាន បានមានប្រសាសន៍ថា ដោយសារលោកមើលឃើញថា នៅតាមបណ្តាភូមិ ឃុំមួយចំនួននិងស្រុកបានចូលរួមធ្វើការសម្អាតនៅតាមសួនសាធារណ: ដើម្បីឲ្យមានសម្រស់មិនចាញ់ទីក្រុង និងខេត្តនោះ ទើបលោកមើលឃើញថានៅភូមិញៀននេះជាភូមិមួយនៅឆ្ងាយពីទីរួមស្រុក ដូច្នេះទើបលោកសម្រេចចិត្តយកពេលវេលាដ៏មានតម្លៃ ដឹកនាំក្រុមការងារស្រុក និងប្រជាពលរដ្ឋធ្វើការកាប់ឆ្ការព្រៃ សម្អាតអនាម័យនៅតាមមាត់ទន្លេក្នុង
ភូមិញើនមួយនេះ កំុឲ្យនៅឆ្ងាយពីទីរួមស្រុកនិងខេត្តទៀត។ លោកអភិបាលស្រុកបញ្ជាក់ថា នេះជាភូមិគំរូដោយមានបងប្អូនប្រជាពលរដ្ឋយល់ដឹង និងចូលរួមជាច្រើនក្នុងការចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគាត់ ក្នុងការចូលរួមសម្អាតអនាម័យនាពេលនេះ។
ជុំវិញរឿងនេះដែរ លោកក្រង សាវុធ មេភូមិញៀនបានឲ្យដឹងថា ក្នុងភូមិញើនជាភូមិមួយនៅឆ្ងាយពីរួមស្រុក និងទីរួមខេត្ត ហើយពោរពេញដោយមានមែកឈើ ព្រៃឈើដុះនៅតាមមាត់ទន្លេ ធ្វើឲ្យបាំងមើលត្រើយម្ខាងទៀតមិនឃើញ។ លោកមេភូមិក៏បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងរួមជាមួយប្រជាពលរដ្ឋផងដែរ ដោយមានការយកចិត្តទុកដាក់ពីលោកសុវណ្ណ ពិសេដ្ឋ អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក និងប្រជាពលរដ្ឋក្នុងភូមិ ស្ម័គ្រចិត្តចូលរួមយ៉ាងសស្រាក់ សស្រាំសម្អាតកាប់ព្រៃប្រមូលដុតធ្វើឲ្យស្រឡះមុខមាត់មើលឃើញត្រើយម្ខាងទន្លេ គួរជាទីមោទនភាព និងបំផុសឲ្យពលរដ្ឋចូលរួមសម្អាតអនាម័យជាប្រចាំនៅតាមគេហដ្ឋាននិងមាត់ទន្លេ កំពង់ទឹករៀងៗខ្កួន ទៅតាមការណែនាំរបស់លោកអភិបាលនៃគណៈអភិបាលស្រុកផងដែរ។ ជាពិសេសចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមវិធាន៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលនៃយើង និងការណែនាំរបស់ក្រសួងសុខាភិបាល៕


ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print