ប្អូនស្រីពៅរបស់វី ឌីណែត ជាសះស្បើយពីជំងឺកូវីដ-១៩អាចវិលទៅលំនៅឋានបាន

ចែករំលែក៖

ភ្នំពេញ៖  កញ្ញាវី ឌីណែត បានបញ្ជាក់ថា ប្អូនស្រីខ្ញុំគាត់បានទៅផ្ទះហើយ គាត់បានរង់ចាំថ្ងៃនេះយូរហើយ គាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យតែម្នាក់ឯងយូរហើយដែរ។ ជាមួយគ្នានេះនាងក៏បានផ្តល់កម្លាំងចិត្តសម្រាប់ប្អូនស្រីនាងផងដែរកាលពីម្សិលមិញនេះ។ ការបញ្ជាក់នេះធ្វើឡើងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។  ទោះជាយ៉ាងណានៅសមាជិកគ្រួសារនាងម្នាក់ទៀត គឺបងស្រីនាងដែលមានផ្ទៃពោះជាង៧ខែ បាននិងកំពុងសម្រាកព្យាបាលជំងឺផ្លូវដង្ហើមមួយនេះនៅឡើយ។តារាចម្រៀង វី ឌីណែត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ម្តាយនាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះនៅថ្ងៃបន្ទាប់ និងបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។ ប្អូនស្រីពៅរបស់នាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅផងដែរ ។ ចំណែកបងស្រីបង្កើតរបស់នាងដែលមានផ្ទៃពោះជាង៧ខែនោះក៏ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃទី២២ ខែមីនា កន្លងទៅ ដោយមានស្វាមីស្ម័គ្រចិត្តទៅមើលថែនៅមន្ទីររពេទ្យព្យាបាលអ្នកជំងឺកម្រិតស្រាលទៀតផង។

   តាមការបញ្ជាក់របស់បងស្រី កញ្ញា វី ឌីណែតបានលើកឡើងដែរថា អភិបាលខណ្ឌកំបូលបានរៀបចំក្រុមការងារដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅផ្ទះឪពុករបស់នាង រួមទាំងការចេញលិខិតបញ្ជាក់អំពីការអាចបើកដំណើរការចេញចូលផ្ទះនេះឡើងវិញ ក្រោយពីឪពុកនាង គឺលោក ហួរ ឡាវី មិនត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣លើកមកនោះ។ ទោះជាយ៉ាងណាលោក ហួរ ឡាវី នៅបន្តស្នាក់នៅក្នុងផ្ទះឲ្យគ្រប់៣០ថ្ងៃដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថាលោកមិនមានជំងឺនេះ និងផ្ទះមានសុវត្ថិភាពគ្រប់គ្រាន់។ នេះគឺជាដំណឹងល្អសម្រាប់ក្រុមគ្រួសារវី ឌីណែតក្រោយពីតារាចម្រៀងរូបនេះបានជាសះស្បើយពីជំងឺនេះកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១និងបានចាកចេញពីមន្ទីរពេទ្យព្យាបានអ្នកជំងឺកូវីដ-១៩កម្រិតស្រាល នាអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់នោះ។

      គួរបញ្ជាក់ដែរថា យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី០២ ខែមេសានេះ បានបញ្ជាក់ថាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៦៩នាក់ ក្នុងនោះ១ករណីមកពីក្រៅប្រទេស ខណៈអ្នកជំងឺចំនួន១៦នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។អ្នកជំងឺថ្មី មានម្នាក់ ជាករណីនាំចូលពីក្រៅប្រទេស  និង ៦៨នាក់ ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ។ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មាននៅក្នុងរាជធានីភ្នំពេញ ២៣នាក់, កណ្តាល ១៣នាក់, ព្រះសីហនុ ៤នាក់ និងស្វាយរៀង២៨នាក់។  គិតត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា មានចំនួនសរុប ២,៥៤៦នាក់ (ស្ត្រី ១,១៨៩នាក់) ក្នុងនោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន ២,០១៧នាក់ (ស្ត្រី ១,០០០នាក់), អ្នកព្យាបាលជា មានចំនួន ១,២៥៦នាក់ (ស្ត្រី ៥២៨នាក់)។ ដោយឡែកអ្នកកំពុងសម្រាកព្យាបាលជំងឺមានចំនួន ១,២៧០នាក់ (ស្ត្រី ៦៥១)។

  ក្នុងរបាយការណ៍បានបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ១៦នាក់ ស្ត្រី ៩នាក់។ សូមចូលរួមការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ តាមរយៈវិធានការ៣កុំ៣ការពារ៕ 

...

        
ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print