ខេត្តមណ្ឌលគិរី ៖ ការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ការអភិរក្សធនធានធម្មជាតិនិងជីវចម្រុះ ការរស់នៅប្រកបដោយចីរភាព គឺមានតែវិធានការពង្រឹងការអនុវត្តច្បាប់ និងវិធានការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថានដល់ប្រជាពលរដ្ឋ ក្នុងនោះក៏មានផងដែរនូវកត្តាសាមគ្គីភាព នេះជាការថ្លែងឲ្យដឹងដោយលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅស្នាក់ការកណ្ដាលដែនជម្រកសត្វព្រៃកែវសីមា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរបរិស្ថាន កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាលខេត្តដែលរួមសហការ ព្រមទាំងមន្រ្តីឧទ្យានុរក្ស។
យោងតាមដីកាដែលចុះហត្ថលេខាដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានតែងតាំង ផ្ទេរសម្រួលភារកិច្ច និងប្រគល់ភារកិច្ចជូនមន្រ្តីរាជការនៃមន្ទីរបរិស្ថាន ក្នុងនោះរួមមាន តែងតាំងអនុប្រធានមន្ទីរ១រូប, ផ្ទេរសម្រួលភារកិច្ចលោក ហាន សាខន ពីប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ទៅជាប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា រីឯលោក ព្រំ វិបុលរ័ត្ននៈ ផ្ទេរភារកិច្ចពីប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ទៅជាប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ និងប្រគល់ភារកិច្ចជូនមន្រ្តីឧទ្យានុរក្សចំនួន២រូប ជាអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ជំនួសមន្រ្តីរាជការ២រូប ជាអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ដែលត្រូវទទួលភារកិច្ចថ្មី។
បើតាមលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានគូសបញ្ជាក់ថា ការតែងតាំង, ការផ្ទេរសម្រួលភារកិច្ច និងការប្រគល់ភារកិច្ចមន្រ្តីរាជការនាពេលនេះ គឺជាការធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រង និងនវានុវត្តន៍ភាព ដើម្បីប្រសិទ្ធភាពការងារ និងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ជាពិសេសការប្រគល់ភារកិច្ចមន្រ្តីឧទ្យានុរក្សចំនួន២រូប ឲ្យកាន់មុខតំណែងជាអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា គឺជាការផ្ដល់ឱកាសដល់មន្រ្តីឧទ្យានុរក្សដែលមានចំណេះដឹង ដើម្បីបញ្ចេញសមត្ថភាព និងបង្ហាញពីភាពជាអ្នកដឹកនាំវ័យក្មេង។ លោក កែវ សុភគ៌ បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការទាំងអស់ដែលត្រូវទទួលការតែងតាំង ផ្ទេរសម្រួលភារកិច្ច និងប្រគល់ភារកិច្ច ត្រូវខិតខំបំពេញការងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងត្រូវមានសាមគ្គីភាព រួមទាំងកិច្ចសហការឲ្យបានជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរមូលដ្ឋាន និងស្ថាប័នតុលាការ៕ ដោយ៖សូរិយា