តារាល្បីៗប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រមាណជា២០នាក់ ក្នុងនោះមានតារាចម្រៀងតារាភាពយន្ត… ត្រូវកម្លាំងយោធាចាប់ខ្លួននៅថ្ងៃទី២ខែមេសា ។
បណ្តាញព័ត៌មានយោធាមីយ៉ាន់ម៉ាបានឲ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញបញ្ជាឱ្យចាប់ខ្លួនមនុស្សល្បីៗ២០នាក់ ដែលជាបុគ្គលមានឥទ្ធិពលលើបណ្តាញសង្គម ។ ក្រុមតារាល្បីៗទាំងនោះ តែងតែញុះញង់ឲ្យពលរដ្ឋចូលរួមធ្វើបាតុកម្មប្រឆាំងយោធានិងគាំទ្រក្រុមតំណាងរាស្ត្រក្នុងការបង្កើតរដ្ឋាភិបាលស្រមោល។ កាលពីថ្ងៃទី៣១ ខែមីនា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនមនុស្ស៩នាក់ ក្នុងនោះមានតំណាងរាស្ត្រ៣រូប មកពីគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ។
ក្នុងរយៈពេល២ខែកន្លងមកចាប់តាំងពីការធ្វើរដ្ឋប្រហារមកមានមនុស្ស៥១២នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន។ អង្គការសហប្រជាជាតិ នៅថ្ងៃទី២ខែមេសា បានថ្កោលទោសយ៉ាងខ្លាំងដល់យោធាដែលបង្កហិង្សាទៅលើពលរដ្ឋ បណ្តាលឲ្យមានអ្នកស្លាប់ និងភៀសខ្លួនទៅកាន់ប្រទេសជិតខាងជាច្រើន៕ ដោយ សាធី