នៅថ្ងៃទី៣ខែមេសា កម្លាំងយោធា មីយ៉ាន់ម៉ាបានបន្តវាយប្រហារទៅលើក្រុមបាតុករប្រឆាំងបណ្តាលឲ្យមានអ្នកស្លាប់៤នាក់ ។ ជាមួយគ្នានេះ កម្លាំងទាហានបានបើកយុទ្ធនាការចាប់ខ្លួនអ្នកដែលបានរិះគន់តាមប្រព័ន្ធអុីនធើណេត និងបិទអុីនធើណេត ។
សរុបអ្នកសា្លប់នៅក្នុងប្រទេសនេះកើនឡើងជាង ៥៥០នាក់ហើយ ចាប់តាំងពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១មកទល់ពេលនេះ ។
តាមសារព័ត៌មាន Myanmar Now បានផ្សាយថា កម្លាំងសន្តិសុខនៅក្នុងស្រុក Monywa បានផ្ទុះអាវុធទៅលើក្រុមបាតុករបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ។ ក្រៅពីនេះក៏មានបុរសម្នាក់រងការបាញ់សម្លាប់នៅក្នុងស្រុក Thaton ផងដែរ។
តាមការលើកឡើងរបស់សកម្មជនមកពីសមាគមជួយដល់អ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា បានឲ្យដឹងថា កម្លាំងយោធាមីយ៉ាន់ម៉ា បានសម្លាប់បាតុករកើនឡើងជាង៥៥០នាក់ហើយ ក្នុងនោះមានកុមារ ៤៦នាក់ ចាប់តាំងពីការធ្វើរដ្ឋប្រហារមក។
ការធ្វើបាតុកម្មទ្រង់ទ្រាយធំដែលមានពលរដ្ឋរាប់សិបពាន់នាក់ចូលរួមប្រឆាំងរដ្ឋាភិបាលនៅទីក្រុងធំៗត្រូវបានផ្អាក ដោយមូលហេតុ ក្រុមបាតុករងាកមកធ្វើបាតុកម្មតាមបែប«វាយឆ្មក់»ទៅលើកម្លាំងយោធា និងការធ្វើបាតុកម្មតូចៗជាច្រើន ។ ជាមួយគ្នានេះ ពលរដ្ឋបានជួបជុំគ្នានៅពេលយប់អុជទៀនដើម្បីបួងសួង។
កាលពីយប់ថ្ងៃទី២ខែមេសា យោធាមីយ៉ាន់ម៉ាក៏បានចាប់ខ្លួនមនុស្សជាង២០នាក់ ដែលជាអ្នកល្បីល្បាញមានឥទ្ធិពលនៅក្នុងសង្គម ភាគច្រើនជាតារាល្បីៗនៅក្នុងប្រទេសនេះ ព្រមទាំងអ្នកសារព័ត៌មាន២នាក់ផងដែរ ។ អ្នកទាំងនោះអាចប្រឈមនឹងការជាប់គុក៣ឆ្នាំពីបទញុះញង់ប្រឆាំងយោធា៕ ដោយ សាធី
រូបភាព៖ nId