អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United សង្ឃឹមថាខ្សែប្រយុទ្ធ Marcus Rashford និង Mason Greenwood អាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះជាមួយក្រុម Brighton & Hove Albion ប៉ុន្តែការសង្ស័យនៅតែកើតមានលើកីឡាករបារាំង Anthony Martial ។
Rashford បានខកខានការប្រកួត FA Cup របស់ Man United ពេលចាញ់ Leicester City ដោយមានបញ្ហាប្រអប់ជើង និងត្រូវបានដកចេញពីការប្រកួតវគ្គជម្រុះ World Cup របស់អង់គ្លេសទល់នឹងក្រុមសាន់ម៉ារីណូ, អាល់បានី និងប៉ូឡូញ ប៉ុន្តែកីឡាករវ័យ២៣ឆ្នាំរូបនេះបានវិលត្រឡប់មកហ្វឹកហាត់វិញហើយ។
ចំណែកខ្សែប្រយុទ្ធ Greenwood ក៏បានចូលហ្វឹកហាត់វិញដែរ បន្ទាប់ពីខកខានការប្រកួតឲ្យក្រុមអង់គ្លេសអាយុក្រោម ២១ឆ្នាំថ្មីៗនេះដោយសារតែបញ្ហារបួស ប៉ុន្តែខ្សែប្រយុទ្ធ Martial នៅតែត្រូវមិនអាចបង្ហាញខ្លួនបាន បន្ទាប់ពីទទួលបានបញ្ហាជង្គង់ក្នុងជ័យជម្នះ ២-០ របស់បារាំងលើប្រទេសកាហ្សាក់ស្ថាន។
សារព័ត៌មានរ៉យទ័របានផ្សាយ ដោយមាន CNA យកមកផ្សាយបន្តថា អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Solskjaer បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនដឹងអំពី Anthony Martial ទេ គាត់មិនបានចូលរួមក្នុងការហ្វឹកហាត់ទេ ប៉ុន្តែ Rashford និង Greenwood បានហ្វឹកហាត់ ហើយសង្ឃឹមថាពួកគេអាចឆ្លងកាត់វាដោយគ្មានប្រតិកម្ម”។
លោក Solskjaer បានបន្តថា មិត្តរួមក្រុមរបស់បារាំង Martial គឺ Paul Pogba បានចាប់ផ្តើមលេងនៅក្នុងការប្រកួតទាំង៣នៃការប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិបន្ទាប់ពីការហ្វឹកហាត់សម្រាប់ទម្រង់និងភាពរឹងមាំនៅរដូវកាលនេះ។ វានឹងក្លាយជាការជម្រុញដ៏ធំមួយ គាត់បានត្រលប់មកវិញ និងត្រៀមខ្លួនជាស្រេច គាត់នឹងក្លាយជាមនុស្សសំខាន់សម្រាប់ក្រុមលោក។
លោក Solskjaer បានបន្ថែមថា គាត់រំពឹងថាអ្នកចាំទី David De Gea និង Dean Henderson នឹងប្រជែងគ្នាដើម្បីតំណែងអ្នកចាទីទី១ បន្ទាប់ពី Henderson បានលេង ៦ប្រកួតចុងក្រោយមុនពេលការប្រកួតអន្តរជាតិ។លោកថា “ពួកគេទាំងពីរដឹងថាយើងឲ្យតម្លៃពួកគេខ្ពស់។ ខ្ញុំមានជម្រើសល្អអ្នកចាំទីកំពូល ៗ ប៉ុន្តែអ្នកទាំងពីរចង់លេងដូចគ្នា។ យើងចង់ទៅទាំងអស់នៅ Europa League ខ្ញុំប្រាកដថាអ្នកនឹងឃើញពួកគេទាំងពីរ”។
បច្ចុប្បន្នក្រុមបិសាចក្រហមឈរនៅលេខរៀងទី២ ចាញ់ក្រុមក្រុមកំពូលតារាង Manchester City ១៤ពិន្ទុ ដែលមានការប្រកួតនៅក្នុងដៃមួយផង ៕ដោយ៖ភារៈ