ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះធ្វើកោសល្យវិច័យគ្រោងឆ្អឹងសពក្នុងព្រៃ បន្ទាប់ទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញ ។
ប្រតិបត្តិការកម្លាំងសហការចុះពិនិត្យគ្រោងឆ្អឹងខាងលើ ធ្វើឡើងនារសៀលថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងព្រៃត្រែងខាងត្បូងបឹងសណ្ដាន់ ស្ថិតនៅភូមិត្រាំពែ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជាបឋមៈ សមត្ថកិច្ចពុំស្គាល់អត្តសញ្ញាណនោះទេ បន្ទាប់កូនស្រីបង្កើតសពឈ្មោះ លឹម គន្ធា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន បំភ្លឺប្រាប់សមត្ថកិច្ចយើងថា គ្រោងឆ្អឹងសពជាឪពុករបស់ខ្លួនឈ្មោះ លឹម ប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ គាត់ពោះម៉ាយ និងចូលចិត្តហូបស្រាជាប្រចាំដាច់បាយដាច់ទឹករហូតមានជំងឺសសៃប្រសាទ ។
លោក អធិការនគរបាលបន្តទៀតថា តាមការបញ្ជាក់ពីកូនស្រីសពដដែល ជនរងគ្រោះ(សព)បានជិះកង់ចេញបាត់ពីផ្ទះតាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ មកម្ល៉េះ លុះនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នេះ លឺអ្នកភូមិនិយាយ.តៗគ្នាប្រទះឃើញគ្រោងឆ្អឹងសព ទើបនាំគ្នាទៅមើលពិតជាគ្រោងឆ្អឹងសពឪពុករបស់ខ្លួនពិតប្រាកដ ។
លោក បញ្ជាក់ទៀតថា សពមានសភាពក្រៀមស្វិតសល់តែគ្រោងឆ្អឹង(គ្មានសាច់)ឆ្អឹងពុំមានបាក់បែក ក្បាលទៅទិសខាងលិច ពុំមានសំលៀកបំពាក់ មានខ្សែចង្កេះ ការសន្ថិដ្ឋានសពអាចវង្វេងក្នុងព្រៃ បន្ទាប់ដាច់បាយដាច់ទឹកនាកន្លងមក ៕
ដោយ៖ បុឹម ពិន