ឧត្តមសេនីយ៍ទោ សេង ធារិន ប្រាប់កងទ័ពខេត្តប៉ៃលិនត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តប៉ៃលិន÷លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ប្រាប់ឲ្យកងទ័ពចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវិដ-១៩។

មានប្រសាសន៍លើកឡើងដូច្នេះបន្ទាប់ពីមួយរយៈនេះក្រុមឧទ្ទាមក្រៅច្បាប់បានអំពាវនាវប្រជាពលរដ្ឋកុំចូលរួមចាក់វ៉ាក់សាំងរបស់ចិន ក្នុងគោលបំណងចង់ឲ្យប្រជាពលរដ្ឋកម្ពុជាបន្តស្លាប់ដោយសារជំងឺកូវីដ-១៩ រួចក្រុមឧទ្ទាមក្រៅច្បាប់និងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាថាមិនមានវិធានការក្នុងការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទៅវិញ។

ការថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ស្ថិតក្នុងភូមិដីក្រហម ឃុំអូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានធ្វើការកោតសរសើរដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដែលបានប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្តក្នុងបុព្វហេតុការពារជាតិមាតុភូមិរហូតទទួលបានលទ្ធផលល្អនៅក្នុងឆ្នាំនេះ លោកឧត្តមសេនីយ៍ទោបានបន្តថានៅប៉ុន្មានថ្ងៃខាងមុខទៀត គឺដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ កម្មករ បុគ្គលិកត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ចំណែកឯកម្លាំងកងទ័ពមិនត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកនោះទេហើយត្រូវតែបង្កើនការយកចិត្តទុកដាក់ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឲ្យទទួលបានលទ្ធផលល្អប្រសើរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍បានក្រើនរំឭកឲ្យកងទ័ពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩ ទោះបីកងទ័ពបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ រួចក៏ដោយក៍ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសគឺប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នូវវិធានការ ៣ការពារ ៣កុំទាំងអស់គ្នា ដើម្បីកម្ពុជាឆ្លងផុតពីការឆ្លងរីករាលដាលនៃជំងឺនេះទ្រង់ទ្រាយធំបន្តទៀត ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print