ខេត្តកំពង់ឆ្នាំង ៖ ទីតាំងសៃវេណជល់មួយមួយកន្លែងដែលបើកលេងយ៉ាងអាណាធិបតេយ្យ ជាយូឆ្នាំមកហើយនោះ ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់ចូលទៅឡោមព័ទ្ធ និង ឃាត់បានមនុស្សចំនួន២នាក់ ផងដែរ ប្រតិបត្តិការឆ្មក់ចូលទៅបង្រ្កាបនេះគឺធ្វើឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចវាលឥន្ទ្រី ក្នុងនៅក្នុងភូមិព្រះស្រែ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនេះគឺធ្វើ ដោយកិច្ចសហការរវាងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច និង កម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្នុងពេលប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ចបានរឹបអូសបានរួមមានមាន់ជល់០១ក្បាល ម៉ូតូ១០គ្រឿង កៅអីជ័រ៣៦ កៅស៊ូតង់០៣ តុ០១ ស៊ុមក្រុងមាន់១៥និង ឧប្បករណ៍សំរាប់ធ្វើសៃវេណប្រជល់មាន់ ០១ សំរាប់ និង បានឃាត់មនុស្សបានចំនួន២នាក់ ដែលជាអ្នកលេង ម្នាក់ឈ្មោះ កៅ ម៉ុល អាយុ៥០ឆ្នាំ រស់នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពុងសៀម ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ ណាង អុន អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោយពីសមត្ថកិច្ចឃាត់បានមួយសន្ទុះ បុរសនេះបានរត់គេចខ្លួនក្នុងពេលសមត្ថកិច្ចមមាញឹកប្រមូលវត្ថុតាង ។
ប្រញភពពីអ្នកស្រុកនៅទីនោះបានឲ្យដឹងថា ម្ចាស់សៃវេណមាន់នេះឈ្មោះ សូ ឆង ជាទាហ៊ានពាក់សក្ក័៥ បម្រើការនៅអង្គភាពគីមីសាស្ត្រ មានទីតាំងនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ សៃវេណប្រជល់មាន់មួយនេះ ត្រូវបានប្រភពបង្ហើបឲ្យដឹងថា ជាសៃចាស់ ដែលម្ចាស់ជាទាហាននេះដាក់យូណាស់មកហើយ ពុំដែលមានអាជ្ញាធរ និងសមត្ថកិច្ចបង្រ្កាបនោះទេ ដោយត្រូវបានម្ចាស់អួតក្អេងក្អាងថា ការដំណើរការសៃវេណប្រជល់មាន់ ដោយរលូនមិនមានអាជ្ញាឬសមត្ថកិច្ចបង្រ្កាប ដោយសារតែគេបានបង់លុយគ្រប់សមត្ថកិច្ចអស់ហើយ ។
សៃវេណមាន់ដុះស្លែមួយនេះ គឺមួយថ្ងៃៗមានមនុស្សជាច្រើនបានចូលមកលេងនៅតំបន់នេះ ហើយអ្នកលេងភាគច្រើនមកពីខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង ខេត្តផេ្សងៗ មួយថ្ងៃៗមានមនុស្សរាប់រយនាក់បានចូលមកលេង ប្រសិនបើចំថ្ងៃបុណ្យវិញ មានមនុស្សជិតឆ្ងាយមកលេងច្រើនកកកុញតែម្តង ។
មជ្ឈដ្ឋាននានាសូមអំពាវនាវឲ្យសមត្ថកិច្ចអនុវត្តអោយបានតឹងរឹងចំពោះម្ចាស់បន ល្បែង និង អ្នកលេង ហើយសូមធ្វើអោយបានជាប្រចាំចំពោះល្បែងស៊ីសងនៅក្នុងខេត្តកំពង់ឆ្នាំង ៕ ដោយ៖ចន្ថា













