ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ពេលទាស់ពាក្យសម្ដីជាមួយប្រពន្ធរបស់ខ្លួន បែកគំនិតយកសាំងកន្លះលីត្រចាក់លើប្រពន្ធបម្រុងដុតសម្លាប់ តែសំណាងល្អ មិនបានសម្រេច ត្រូវប្រជាពលរដ្ឋជិតខាងជួយទាន់ ហើយចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ ករណីប៉ុនប៉ងធ្វើឃាតកម្មខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨និង ៤០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ វ៉ន ស្រីមុំ ស្ថិតក្នុងភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ រុំ សុខន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ។ ចំណែកជនសង្ស័យជាប្តីឈ្មោះ ហួន ហឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ វត្ថុតាងចាប់យកមានដបទឹកបរិសុទ្ធចំនួន១ធ្វើអំពីជ័រ ចំណុះ៥០០ម.ល មានសាំងនៅក្នុងដបបន្តិច,ដែកកេះចំនួន១ពណ៌ក្រហម។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យតែងតែរករឿងនិងប្រើហិង្សាទៅលើឈ្មោះ រុំ សុខន ត្រូវជាប្រពន្ធជាញឹកញាប់ ហើយនៅមុនពេលកើតហេតុ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបានរករឿងឈ្មោះ រុំ សុខន ជាប្រពន្ធម្ដងទៀត ហើយឈ្មោះ រុំ សុខន បានគេចទៅស្នាក់នៅជាមួយប្អូនរបស់ខ្លួនដោយមិនបានចូលផ្ទះនោះទេ ។ បន្ទាប់មកនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨និង៤០នាទី ខណ:ដែលឈ្មោះ រុំ សុខន កំពុងធ្វើការនៅផ្ទះឈ្មោះ វ៉ន ស្រីមុំ ពេលនោះជនសង្ស័យឈ្មោះ ហួន ហឿន បានយកសាំង១ដបចំណុះ៥០០ម.ល និងដែកកេះ ១ដើមទៅកន្លែងកើតហេតុ ហើយបានស្រែកគំរាមឈ្មោះ រុំ សុខន ជាប្រពន្ធឱ្យចេញមកក្រៅ ។ ពេលដែលប្រពន្ធចេញមកជួបខ្លួនហើយ ពេលនោះជនសង្ស័យបានចាប់ជនរងគ្រោះ រួចហើយបានយកសាំងចាក់ទៅលើខ្លួនរបស់ប្រពន្ធ និងលើខ្លួនឯង ក្នុងគោលបំណងដុតសម្លាប់ប្រពន្ធនិងខ្លួនឯង តែត្រូវបានម្ចាស់ផ្ទះនិងអ្នកធ្វើការនៅទីនោះចាប់ឃាត់ទាន់ ទើបមិនបណ្ដាលឱ្យនរណាម្នាក់មានគ្រោះថ្នាក់នោះទេ ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ