ភ្នំពេញ៖ បុរសម្នុាក់ត្រូវបានកំលាំងអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួនភ្លាមៗក្រោយពីបាញ់បោះសេរី ដោយសារខឹងចោរគាស់ផ្ទះចូលលួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង២១ និង៣០នាទីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកទាល់ ក្រុម០៦ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ថា ជនបង្កហេតុមានឈ្មោះ ប.ស.ណ អាយុ៤៧ឆ្នាំ មុខរបរ … ឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី មុខតំណែង លេខានាយឧត្តមសេនីយ៍ អត្តលេខ៖…ខុទ្ទកាល័យ… ប្រើប្រាស់អាវុធ ខ្លីម៉ាក K59 លេខ៨៥៩៦។
សមត្ថកិច្ចបានបន្តថា ជនបង្កបានបាញ់ ០១គ្រាប់ ផ្ទុចដី គម្រាមឆ្កែកំពុងព្រុះ និងខឹងចោរចូលលួចគាស់ផ្ទះរបស់គាត់កាលពីយប់មិញ។ ក្រោយកើតហេតុត្រូវបានបុរសម្នាក់ឈ្មោះហ៊ុក សេងម៉េងលី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៦៥A ក្រុម០៦ ភូមិកើតហេតុខាងលើ ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួននិងសងជម្ងឺចិត្ត ដែលជនបង្កបាញ់គម្រាមឆ្កែក្បែរជើងរបស់គាត់។
បច្ចុប្បន្នជនបង្កនិងវត្ថុតាងត្រូវបានបញ្ជូនទៅអាវុធហត្ថក្រុង ដើម្បីសាកសួរបន្ត៕
ដោយ៖ សុវណ្ណារ៉ា










