ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះ ធំស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្ដ្រស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ បន្ទាប់ពីជនសង្ស័យនិងបក្ខពួក៤នាក់ទៀតប្រដាប់ដោយកាំភ្លើង២ដើមចូលធ្វើសកម្មភាពគាស់ផ្ទះមន្ត្រីយោធាស្រុកកោះធំម្នាក់ ចូលលួចទ្រព្យសម្បត្ដិគ្រាដែលម្ចាស់ផ្ទះមិននៅ ។
ករណីលួចមានស្ថានទម្ងន់នេះកើតឡើងតាំងពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ មកម្លេះនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្ដកណ្ដាល ។ ក្រោយពីមានករណីនេះកើតឡើងសមត្ថកិច្ចនរបាលស្រុកកោះធំ បានបើកប្រតិបត្ដិការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់រហូតឈានឃាត់ខ្លួនជនសង្ស័យម្នាក់បានកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនៅត្រង់បន្ទប់ជួលស្នាក់នៅរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្ដកណ្ដាល ។ ជាថ្មីម្ដងទៀត នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលស្រុកកោះធំបានបន្ដឃាត់ខ្លួនជនសង្ស័យខាងលើនេះម្នាក់ទៀត ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៏ ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ អ៊ុស សុខន ហៅក្រាញ់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នៅផ្ទះប្រពន្ធជនសង្ស័យស្ថិតក្នុងស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ ដោយឡែកជនសង្ស័យម្នាក់ទៀតដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅមានឈ្មោះ ម៉ុល ស៊ីដេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ត្រូវបានចាប់ខ្លួននៅត្រង់ចំណុចបន្ទប់ជួលស្នាក់នៅក្បែរោងចក្រមួយកន្លែងស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ។
លោកវរសេនីយ៏ ឈឿន ប៊ុនឆនបានបន្ដថា ជនសង្ស័យទាំង២នាក់ខាងលើនេះនិងបក្ខពួក៣នាក់ទៀតមិនស្គាល់អត្ដសញ្ញាណប្រដាប់ដោយកាំភ្លើងAK១ដើម កាំភ្លើងខ្លី១ដើម និងសម្ភារៈមួយចំនួនទៀត បានធ្វើសកម្មភាពចូលគាស់ផ្ទះរបស់ជនរងគ្រោះឈ្មោះ កែវ សំអាន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ដ្រីយោធា មានទីលំនៅក្នុងភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចន្លោះម៉ោង៧ទៅ៨យប់ គ្រាដែលជនរងគ្រោះនិងក្រុមគ្រួសារមិននៅផ្ទះរវល់ទៅពិនិត្យជម្ងឺនៅភ្នំពេញ ។ កាលណោះទ្រព្យសម្បត្ដិជនរងគ្រោះបាត់បង់រួមមាន ប្រាក់ដុល្លារចំនួន៤០០០ដុល្លារសហរដ្ឋអាមេរិក ,ខ្សែកមាស ខ្សែកប្លាកទីននិងផ្លាកដៃដាំត្បូងពេជ្រសរុបជាទឹកប្រាក់ប្រមាណ៧០០០ដុល្លារសហរដ្ឋអាមេរិក ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីមានករណីគាស់ផ្ទះមន្ត្រីយោធាលួចទ្រព្យសម្បតិ្ដរួចមកលោកបានដឹកនាំកម្លាំងនគរបាលជំនាញយុត្ដិធម៌ ចុះស្រាវជ្រាវតាមបញ្ជារបស់លោកឧត្តមសេនីយ៏ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីកើតហេតុរយៈ២ថ្ងៃ ។ ជនសង្ស័យក្រោយពីសាកសួរយកចម្លើយរួចមកសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការពីបទលួចមានស្ថានទម្ងន់ ។ បន្ទាប់មកទៀត សមត្ថកិច្ចបានខិតខំប្រឹងប្រែងបន្ដស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ។ ដោយឡែកនៅសល់ជនសង្ស័យ៣នាក់ដែលមិនស្គាល់អត្ដសញ្ញាណ សមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវបន្ថែមទៀតដើម្បីចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕




ដោយ៖ ស្អាងជ័យ










