លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១បានជួយស្ត្រីសម្រាលកូននៅក្នុងបន្ទប់ទឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្សុីដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ បានឡើងទៅបីស្រ្តីជាកម្មកររោងចក្រម្នាក់ដែលបាន សម្រាលកូននៅក្នុងបន្ទប់ទឹក ទាំងស្រ្តីរូបនោះពោរពេញទៅដោយឈាមហូរប្រឡាក់ពេញខ្លួនមិនគិតពីការខ្ពើមរអើម អ្វីនោះទេ គឺធ្វើយ៉ាងណាជួយសង្រ្គោះស្រ្តីរូបនោះនិងទារក ដែលមានប្តីពិការជើងរស់នៅបន្ទប់ជួលជាន់ទី៣។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ ត្រង់ចំណុចមុខគ្លីនិកឯករាជ្យ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រសាសន៍លោក អ៊ុក វ៉ាន់ឌី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ បានឱ្យដឹងថា ដោយលោកជាអ្នកមើលការខុសត្រូវ និងការពារគោលដៅនៅភូមិត្រពាំងថ្លឹង២ ត្រូវបានបិទខ្ទប់រយៈពេល១៤ថ្ងៃនោះស្រាប់តែមានបងប្អូនប្រជាពលរដ្ឋរស់នៅជាប់បន្ទប់ជួល ជាមួយស្រ្តីសម្រាលកូនរូបនោះបានមកប្រាប់គាត់ថា សូមឲ្យជួយហៅរថយន្តសាមុយដើម្បីមកដឹកស្រ្តីម្នាក់កំពុងសម្រាលកូននៅក្នុងបន្ទប់ទឹកយកទៅសង្រ្គោះផង ព្រោះមានហូរឈាមច្រើន ខ្លាចប៉ះពាល់ដល់អាយុជីវិតគាត់និងទារក ដោយប្តីរបស់គាត់ពិការជើងមួយចំហៀងទៀត។

ពេលឮដូច្នេះ រូបលោកជា នាយរងប៉ុស្តិ៍ និងជាអ្នកមើលការខុសត្រូវ និងការពារគោលដៅនៅភូមិត្រពាំងថ្លឹង២ បានប្រញាប់ប្រញាល់ទាក់ទងទៅថ្នាក់លើ និងជួយហៅរថយន្តសង្រ្គោះបន្ទាន់ឲ្យមកយកស្ត្រីរូបនោះភ្លាមៗផងដែរ តែដោយផ្ទះជួលរបស់គាត់ជាន់ទីបី ខាងរថយន្តសាមុយដាក់ប្រង់កាឡើងមិនរួច រូបលោកក៏បានសម្រេចចិត្តទៅលើកបីស្រ្តីសម្រាលកូនរូបនោះចុះពីផ្ទះជួលជាន់ទី៣ មកក្រោមទាំងដែលស្រ្តីរូបនោះមានហូរឈាមប្រឡាក់ពេញខ្លួន ដោយលោកមិនគិតពីការខ្ពើមរអើមនោះទេ គឺធ្វើយ៉ាងណាជួយស្រ្តី និងទារករូបនោះឲ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។

បន្ទាប់ពីលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១បានបីស្ត្រីសម្រាលកូនមកដល់ក្រោមហើយរថយន្តសាមុយក៏បានដឹកនាងនិងទារកជាកូនយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដោយសុវត្ថិភាពទាំងម្តាយនិងកូន៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print