ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅ ដោយនៅថ្ងៃទី១៦ខែមេសា ក្រុមប្រឆាំងយោធា ដែលមានតំណាងរាស្ត្រជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ បានប្រកាសបង្កើតរដ្ឋាភិបាលសាមគ្គីជាតិសាសន៍ ហើយអំពាវនាវដល់សហគមន៍អន្តរជាតិទទូលស្គាល់រដ្ឋាភិបាលថ្មី។
សកម្មភាពខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសជិតខាងពីសង្គ្រាមស៊ីវិលកើតឡើង។ នៅក្នុងកិច្ចប្រជុំអនឡាញក្រសួងការពារជាតិជប៉ុន លោក Nobuo Kishi និងសមភាគី ម៉ាឡេស៊ី Dato’ Sri Ismail Sabri bin Yaakob បាន បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពនយោបាយ សន្តិសុខ នៅក្នុងប្រទេសនេះ ។
សកម្មជនប្រជាធិបតេយ្យជើងចាស់ម្នាក់របស់មីយ៉ាន់ម៉ា គឺលោក មីន កូ ណេង (Min Ko Naing) បានប្រកាសពីការបង្កើតរដ្ឋាភិបាលខាងលើ ដែលហៅថា «រដ្ឋាភិបាលរួបរួមជាតិ (National Unity Government)»។ លោក Naing បាននិយាយថា ឆន្ទៈប្រជាជនគឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលរួបរួមជាតិនេះ ហើយវត្ថុបំណងចម្បងបំផុតមួយគឺ ស្វែងរកការគាំទ្រក៏ដូចជាទទួលស្គាល់ពីអន្តរជាតិ។
រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា បានបង្ហាញសមាសភាពមួយចំនួន ដែលរួមមានអតីតសមាជិកសភារបស់គណបក្ស លោកស្រី អោង សាន ស៊ូជី ព្រមទាំងមេដឹកនាំចលនាបាតុកម្ម និងសមាជិកនៃសហគមន៍ជនជាតិភាគតិចជាដើម។ រដ្ឋមន្រ្តីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គោលដៅគឺធ្វើយ៉ាងណាបញ្ចប់អំពើហិង្សា ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងកសាងសហភាពសហព័ន្ធប្រជាធិបតយ្យមួយ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរយ៉ាងហិង្សា ចាប់តាំងតែពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី ស៊ូជី ក្រោយការទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅអាណត្តិទី២ ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន ខណៈយោធាចោទថា ការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយមិនប្រក្រតី៕ ដោយ សាធី
រូបភាព៖ AP