ភ្នំពេញ៖ កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវតាមចាប់ខ្លួនបានហេីយ បុរសម្នាក់ជិះរថយន្ដស៊េរីទំនើបពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? នៅខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។
បើយោងតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មានផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមេសានេះថា នគរបាលរូបនេះត្រូវបានកម្លាំងនគរបាលរបស់យើងឃាត់ខ្លួនបានហើយ និងកំពុងសួរនាំបន្ត។ ចំពោះវិធានការចំពោះមុខនេះ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា រង់ចាំការសួរនាំ និងពិនិត្យមើលជាក់ស្តែងសិន ដើម្បីចាត់ការបន្តទៀត។
គួរបញ្ជាក់ដែរថា មន្រ្តីនគរបាលរូបនេះ មិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋ និងបុគ្គលមិនចាំបាច់ចេញក្រៅផ្ទះនោះ បានបង្ហោះវីដេអូអួតពីការធ្វើដំណើរដោយមិនខ្លាចសមត្ថកិច្ច នៅលើបណ្ដាញសង្គម Facebook បានប៉ុន្មានម៉ោង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ និងឃើញសកម្មភាពជាក់ស្ដែងរបស់បុគ្គលរូបនេះ ដែលជិះរថយន្ដហើយថតសកម្មភាពតាមផ្លូវ និងប្រកាសថា មិនខ្លាចសមត្ថកិច្ចចាប់ខ្លួននោះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួន និងរថយន្តនៅខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានអះអាងថា ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX300 ឆ្នាំ២០១៨ ពាក់ផ្លាកលេខនគរបាល ២-៦១២៨ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ពិសេសពាក់ព័ន្ធការល្មើសវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន។
សូមជម្រាបថា ការចាប់ខ្លួនបុគ្គលរូបនេះ ធ្វើឡើងបន្ទាប់ពីបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Facebook ពេលកំពុងបើកបររថយន្ដ និងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយតាំងខ្លួនថា ជាឧត្តមសេនីយ៍ មិនមាននរណាហ៊ានចាប់នោះទេ ទោះបីខ្លួនគ្មានភារកិច្ចក្នុងការធ្វើដំណើរចាំបាច់ក្នុងពេលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ក៏ដោយ។
ដោយឡែក គួរម្លឹកដែរថា កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខណ្ឌមានជ័យ ក៏បានចាប់ខ្លួនឧត្តមសេនីយ៍ផ្កាយពីរម្នាក់ តួនាទីជាអនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ផ្សេងទៀត ដែលរៀបចំកម្មវិធីផឹកស៉ីច្រៀងរាំសប្បាយ ដោយបំពាននូវវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ជុំវិញបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានស្នើទូលថ្វាយទៅព្រះមហាក្សត្រ ដើម្បីបកស័ក្ដិ និងបណ្ដេញនាយនគរបាលរូបនេះ ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជាផងដែរ។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ផងដែរ៕ដោយ៖ស តារា
https://youtu.be/Sqvx2cI4TBA