ខេត្តកំពង់ចាម ៖ ម៉ោងជាង១០យប់ទៅហេីយនៅឡេីយមិនព្រមសំងំដេករកក្តី សុខសាន្តក្នុងផ្ទះទេ បែរជាប្រមូលផ្តុំគ្នា ផឹកស៊ីតាមទម្លាប់ចាស់ថែមទាំងជេរ ប្រមាថមកលេីកម្លាំងសមត្ថកិច្ចពេលចុះហាមឃាត់ទៀតផង។ ដូច្នេះវិធានការដែលត្រូវអនុវត្តនាពេលនេះគឹចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការតាមច្បាប់ក្នុងដំណាក់កាលកូវីដ-១៩ ។
យោងតាមមន្ត្រីនគរបាលស្រុកកំពង់សៀមបានឱ្យដឹងថា នៅវេលាម៉ោង៧ៈ៣០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម បានធ្វើការចុះល្បាតត្រួតពិនិត្យ និងផ្សព្វផ្សាយមិនឱ្យមានការប្រមូលម្តុំ ជួបជុំផឹកស៊ី ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឃុំរំចេក រហូតមកដល់ចំណុចភូមិរំលេច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លុះមកដល់វេលាម៉ោង១០ៈ៣០នាទីយប់ សមត្ថកិច្ចបានជួបបុរសម្នាក់ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុបានដើរចេញពីកន្លែងផឹកស៊ី ហើយស្រែកជេរមកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារថា «ពួកអាធ្វើការឃុំ ពួកហ្អែងធ្វើការឱ្យល្អតិចមើល ដោយក្នុងស្ថានភាពស្រវឹង» ។ ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចបាននិយាយណែនាំឲ្យឈប់ផឹកស៊ី ឆាប់ទៅផ្ទះចូលដេក តែឈ្មោះ យន់ ស៊ាងហ៊ី ហៅប្រុស ពុំស្តាប់ឡើយ។
ប្រភពព័ត៌មានបន្តថា នៅពេលនោះអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចយើងបានយកឈ្មោះ យន់ ស៊ាងហ៊ី មកអប់រំណែនាំតាមសេចក្តីសម្រេចលេខ៤៩ ស.ស.រ របស់រាជរដ្ឋាភិបាល និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក រួចកម្លាំងសមត្ថកិច្ចបានឱ្យឈ្មោះ យន់ ស៊ាងហ៊ី ត្រឡប់ទៅផ្ទះវិញ។ប៉ុន្តែពេលដើរចេញដល់ចំណុចផ្លូវមុខប៉ុស្តិ៍ ស្រាប់តែឈ្មោះ យន់ ស៊ាងហ៊ី នេះនៅតែបន្តស្រែកជេរប្រមាថមកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទៀតថា «ពួកអាឆ្កែ អាប៉ូលិសឡប់ៗ អាមេឃុំអាចម៍ៗ» ។ដោយសារតែអប់រំណែនាំមិនស្តាប់ ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសរូបនេះតាមបទបញ្ជារបស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ហើយសមត្ថកិច្ចបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់ ។
បេីតាមបទបញ្ជាលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះបុរសម្នាក់នោះចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជននោះបានប្រមូលផ្ដុំគ្នាផឹកស៊ីល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថមកលើអាជ្ញាធរ និងសមត្ថកិច្ចទៀតនោះ ៕
ដោយ៖ វណ្ណៈ