ភ្នំពេញ÷ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ
សូមជម្រាបជូនចំពោះយោធិន និងគ្រួសារដែលបានចាក់វ៉ាក់សាំងលើកទី១នៅតាមកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ សូមណែនាំដល់ប្រភេទទ័ពជំនាញ បណ្តាយោធភូមិភាគ តំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត បណ្តាស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដូចខាងក្រោម៖
១/ចាត់ចែងធ្វើការផ្សព្វផ្សាយជាការប្រញាប់ដល់យោធិន និងគ្រួសារដែលបានចាក់លើកទី១(វ៉ាក់សាំងឈ្មោះស៊ីណូហ្វាម SINOPHARM) នៅតាមអង្គភាពជុំវិញរាជធានីភ្នំពេញ ហើយមិនអាចធ្វើដំណើរពីបណ្តាខេត្តមកចាក់លើកទី២នៅអង្គភាពដើមវិញសូមទៅចុះឈ្មោះនៅតាមបណ្តាទីបញ្ជាការដ្ឋានយោធភូមិភាគ តំបន់ប្រតិបត្តិការសឹករងខេត្តដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងលើកទី១) រួចតាមបណ្តាយោធភូមិភាគ និងតំបន់ប្រតិបត្តិការសឹករងខេត្ត បូកសរុបរាយការណ៍ជូន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួងការពារជាតិដើម្បីពិនិត្យផ្តល់វ៉ាក់សាំងជូនតាមសភាពការណ៍ជាក់ស្តែង។
២/ជាមួយនោះបណ្តាយោធភូមិភាគត្រូវរៀបចំក្រុមការងារដើម្បីទទួលការចុះឈ្មោះការរៀបចំទីតាំង(នៅក្រៅជុំរំបន្ទាយ)ដែលមានលក្ខណៈស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល នៅយោធភូមិភាគឬតំបន់ប្រតិបត្តិការសឹករងខេត្ត) និងក្រុមពេទ្យដើម្បីដំណើរការចាក់វ៉ាក់សាំងជូនយោធិន និងគ្រួសារ ដើម្បីជៀសវាងកុំឱ្យលើសពីការកំណត់បច្ចេកទេសវ៉ាក់សាំងដែលបានចាក់លើកទី១រួចមកនោះ៕
ដោយ៖ សូរិយា