ក្រុមមាន់ខ្នាយមាស Tottenham បានសម្រេចបញ្ចប់តំណែង លោកJose Mourinho ហើយក្រោយដឹកនាំក្រុមបាន១៧ខែ។អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់នេះបានមកជំនួសតំណែងលោក Mauricio Pochettinoកាលពីខែវិច្ឆិកាឆ្នាំ២០១៩ហើយបានដឹកនាំក្រុមមាន់ខ្នាយមាសឲ្យឈរលេខរៀងទី៦កាលពីរដូវកាលមុន។ បច្ចុប្បន្នក្រុម Tottenhamកំពុងឈរលេខរៀងទី៧នៅអង់គ្លេស Premier League ដោយរកបានតែ២ពិន្ទុប៉ុណ្ណោះក្នុងចំណោម៣ប្រកួតចុងក្រោយរបស់ពួកគេ ហើយបានធ្លាក់ចេញពីកម្មវិធី Europa League កាលពីខែមីនា។
បុគ្គលិកផ្នែកគ្រូបង្វឹកដូចជា Joao Sacramento, Nuno Santos, Carlos Lalin និង Giovanni Cerraស៊ុទ្ធតែត្រូវបានបញ្ចប់តំណែងទាំងអស់។ លោក Daniel Levy ប្រធានក្លិប Tottenham បានថ្លែងថា “Jose Mourinhoនិងក្រុមគ្រូបង្វឹករបស់ពួកគាត់បាននៅពេលជាមួយយើងក្នុងស្ថានការណ៍ដ៏លំបាក គាត់គឺជាអ្នកចាត់ការអាជីពមួយដែលបានបង្ហាញពីភាពស្វិតស្វាញ មិនរុញរាក្នុងគ្រាដែលលំបាកនេះ។ ខ្ញុំពិតជារីករាយនឹងធ្វើការងារជាមួយពួកគាត់ប៉ុន្តែអ្វីៗហាក់មិនបានលទ្ធផលល្អខ្ញុំសូមអរគុណចំពោះការលះបង់របស់ពួកគាត់ ហើយយើងនៅតែស្វាគមន៍ពួកគេនៅទីនេះ។”
ប្រកួតចុងក្រោយរបស់លោក Mourinhoដែលគាត់ដឹកនាំគឺស្មើជាមួយនឹងក្រុម Everton ២-២ នៅអង់គ្លេស Premier League។ ក្រុមមាន់ខ្នាយមាសនឹងត្រូវប៉ះក្រុមខ្លាំង Manchester City ក្នុងកម្មវិធីCarabao Cupវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៥ខែមេសាខាងមុខ៕ដោយ៖ ភារៈ