ខេត្តកំពង់ចាម ៖ សាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១បានសម្រេចផ្ដន្ទាទោសឈ្មោះ យន់ ស៊ាងហ៊ី ហៅប្រុស ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ក្នុងបទល្មើស”រារាំងដល់ការអនុវត្តវិធានការ”តាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងបទ”ប្រមាថ”តាមបញ្ញតិមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ ដែលបានចុះអនុវត្តក្នុងភូមិរំលេច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ ។
សូមបញ្ជាក់ថា អភិបាលខេត្តកំពង់ចាមបញ្ជាឱ្យវ៉ៃខ្នោះបុរសម្នាក់ដែលប្រមូលផ្ដុំគ្នាផឹកស៊ី និងជេរប្រមាថសមត្ថកិច្ចក្នុងពេលអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។
មុនកម្លាំងសមត្ថកិច្ចឃាត់បុរសខាងលើនេះ គឺម៉ោងជាង១០យប់ទៅហេីយជននេះមិនព្រមសំងំដេករកក្តីសុខសាន្តក្នុងផ្ទះទេ បែរជាប្រមូលផ្តុំគ្នាផឹកស៊ីតាមទម្លាប់ចាស់ថែមទាំងជេរប្រមាថមកលេីកម្លាំងសមត្ថកិច្ចពេលចុះហាមឃាត់ទៀតផង។ ដូច្នេះវិធានការដែលត្រូវអនុវត្តនាពេលនោះគឹចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការតាមច្បាប់ក្នុងដំណាក់កាលកូវីដ-១៩។
យោងតាមមន្ត្រីនគរបាលស្រុកកំពង់សៀមបានឱ្យដឹងថា នៅវេលាម៉ោង៧ៈ៣០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម បានធ្វើការចុះល្បាតត្រួតពិនិត្យ និងផ្សព្វផ្សាយមិនឱ្យមានការប្រមូលម្តុំជួបជុំផឹកស៊ីទេដើម្បីការពារការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឃុំរំចេក រហូតមកដល់ចំណុចភូមិរំលេច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លុះមកដល់វេលាម៉ោង១០ៈ៣០នាទីយប់ សមត្ថកិច្ចបានជួបបុរសម្នាក់ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុបានដើរចេញពីកន្លែងផឹកស៊ី ហើយស្រែកជេរមកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារថា «ពួកអាធ្វើការឃុំ ពួកហ្អែងធ្វើការឱ្យល្អតិចមើល ដោយស្ថិតក្នុងស្ថានភាពស្រវឹង» ។ ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចបាននិយាយណែនាំឲ្យឈប់ផឹកស៊ី ឆាប់ទៅផ្ទះចូលដេក តែឈ្មោះ យន់ ស៊ាងហ៊ី ហៅប្រុស ពុំស្តាប់ឡើយ។
ប្រភពព័ត៌មានបន្តថា នៅពេលនោះអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចយើងបានយកឈ្មោះ យន់ ស៊ាងហ៊ី មកអប់រំណែនាំតាមសេចក្តីសម្រេចលេខ៤៩ ស.ស.រ របស់រាជរដ្ឋាភិបាល និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក រួចកម្លាំងសមត្ថកិច្ចបានឱ្យឈ្មោះ យន់ ស៊ាងហ៊ី ត្រឡប់ទៅផ្ទះវិញ។ប៉ុន្តែពេលដើរចេញដល់ចំណុចផ្លូវមុខប៉ុស្តិ៍ ស្រាប់តែឈ្មោះ យន់ ស៊ាងហ៊ី នេះនៅតែបន្តស្រែកជេរប្រមាថមកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទៀតថា «ពួកអាឆ្កែ អាប៉ូលិសឡប់ៗ អាមេឃុំអាចម៍ៗ» ។ដោយសារតែអប់រំណែនាំមិនស្តាប់ ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសរូបនេះតាមបទបញ្ជារបស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ហើយសមត្ថកិច្ចបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់ ។
បេីតាមបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះបុរសម្នាក់នោះចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជននោះបានប្រមូលផ្ដុំគ្នាផឹកស៊ីល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថមកលើអាជ្ញាធរ និងសមត្ថកិច្ចទៀតនោះ ៕
ដោយ៖ វណ្ណៈ