កងពលប្រចាំសមុទ្រខ្មៅរបស់រុស្ស៊ី នៅថ្ងៃទី២០ខែមេសា(ពេលវេលាក្នុងតំបន់) បានបញ្ជូននាវាចម្បាំង ២០គ្រឿងចូលរួមធ្វើសមយុទ្ធ ជាមួយនិងយន្តហោះចម្បាំង Su-25SM3 របស់កងពលប្រចាំភូមិភាគខាងត្បូង។
តាមការប្រកាសរបស់កងពលប្រចាំសមុទ្រខ្មៅបានឱ្យដឹងថា
«កម្លាំងទាហានជើងទឹកដែលមាននាវាចម្បាំងជាច្រើនគ្រឿង អមដោយនាវាការពារបំពាក់មីស៊ីល Makarov, Essen ព្រមទាំងនាវាធុនតូចបំពាក់មីស៊ីលផងដែរ និងនាវាប្រឆាំងនាវាមុជទឹក នាវាវាយឡើងគោក ក៏បានចូលរួមនៅក្នុងការធ្វើសមយុទ្ធដ៏សំខាន់នោះ ដោយមានយុទ្ធសាស្ត្រវាយបកទៅលើសត្រូវវិញ។
ចូលរួមនៅក្នុងការធ្វើសមយុទ្ធនៅមាន៣កងពលយន្តហោះចម្បាំងមកពីតំបន់ភាគខាងត្បូង ដែលបំពាក់មីស៊ីលវាយលុកផងដែរ ។ ក្រុមអាកាសយានិកហោះហើរកម្ពស់ទាប ក្នុងស្ថានភាពស្មុគស្មាញបំផុត ។
កន្លងមកថ្មីៗ យន្តហោះចម្បាំងដល់ទៅ៥០គ្រឿងមកពីកងពលប្រចាំភូមិភាគខាងត្បូង បានបញ្ជូនទៅកាន់តំបន់គ្រីមៀ ដើម្បីត្រៀមលក្ខណៈធ្វើសង្គ្រាម។ សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្នុងពេលដែលប្រទេសនេះកំពុងប្រឈមមុខតានតឹង ជាមួយបណ្តាប្រទេសលោកខាងលិច ។
តាមរូបភាពពីផ្កាយរណបរបស់ប្រទេសលោកខាងលិច រុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់ល្បឿនលឿន១៥គ្រឿង រង់ចាំបទបញ្ជានៅជិតព្រំដែនប្រទេសអ៊ុយក្រែន មានចម្ងាយតែ១៦០គីឡូម៉ែត្រប៉ុណ្ណោះ ។ យន្តហោះទម្លាក់គ្រាប់បែកSu-34 អាចហោះហើរក្នុងល្បឿនរហូតដល់ទៅ២២០០ គីឡូម៉ែទ្រក្នុងមួយម៉ោង បំពាក់ដោយមីស៊ីលនាំផ្លូវ និងកាំភ្លើងស្វ័យប្រវត្តិ អាចបាញ់បានដល់ទៅ១៨០០គ្រាប់ទំហំ៣៣មិល្លីម៉ែត្រ ក្នុងពេល១នាទី។ ក្រៅពីនេះក៏មានទាហាន១៥០ពាន់នាក់ ត្រៀមលក្ខណៈនៅទីនោះផងដែរ៕ដោយ សាធី