ខេត្តបន្ទាយមានជ័យ៖ ខណ:ដែលអ្នកសង្ស័យឆ្លងមេរោគកូវីដ១៩ បានរកឃើញថ្មី បន្ថែមទៀតនៅរាយប៉ាយ ស្ទើរពាសពាសភូមិអាជ្ញាធរមានសមត្ថកិច្ច នៅក្រុងប៉ោយប៉ែត និងផ្នែកពាក់ព័ន្ធ បាននឹងកំពុងបន្តការងារ យ៉ាងក្តៅគគុក ដើម្បីទប់ទល់សភាពការណ៍វិវត្តន៍ថ្មី នៃការផ្ទុះជំងឺកូវីដ-១៩ ដែលកើកើតឡើងក្នុងសហគមន៍។
ក្នុងនោះគេឃើញមន្ត្រីក្រុមការងារយ៉ាងច្រើនបានចុះទៅរឹតបន្តឹងតំបន់បិទខ្ទប់ នៅភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ ដែលបានផ្ទុះករណីជំងឺកូវីដ១៩ កាលពីយប់ថ្ងៃទី២២ ខែមេសា កន្លងមកនោះនិងកំពុងគិតពីសភាពការណ៍វិវត្តន៍ ពីយប់ថ្ងៃទី២៤ មកទល់ល្ងាច ថ្ងៃទី២៥ ខែមេសាម្សិលមិញនេះ។ក្នុងករណីនេះ រដ្ឋបាលក្រុង បាននឹងកំពុងពិចារណាមិនត្រឹមបិទខ្ទប់តែ ២ ភូមិនោះទេប៉ុន្តែនៅមានផ្នែកជាច្រើនទៀត នៃក្រុងប៉ោយប៉ែត ដែលតម្រូវឲ្យបិទខ្ទប់ដែរ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមជាមួយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារជាច្រើនបានចុះទៅពិនិត្យ ណែនាំ ដល់អាជីវករលក់ដូរទំនិញក្នុងផ្សារ នៅក្រុងប៉ោយប៉ែតសូមកុំឆ្លៀតកេងប្រវ័ញ្ចពី ឱកាសដ៏លំបាកនេះខណ:អាជ្ញាធរបិទខ្ទប់ ចំណុចនានា នៅភូមិក្បាលស្ពាន១ សាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ដោយលក់ទំនិញ ពិសេសម្ហូបអាហារ កុំដំឡើងថ្លៃ ។
ជាមួយនេះដែរលោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា
មកទល់ពេលនេះ គ្រូពេទ្យ បានយកសំណាក ពីមនុស្សជាង ៦០០ នាក់ហើយ។ ក្នុងនោះ លទ្ធផលបឋម ពីម៉ាស៊ីនតេស្តរហ័ស (Rapid Test) និងម៉ាស៊ុន Gene Xpert. បានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ (ថ្ងៃទី២៣ និង ២៤ ខែមេសា ចំនួនជាង ១២០ នាក់ ក្នុងនោះ មានជនជាតិឥណ្ឌួណេស៊ី ចិន ថៃ និងកម្ពុជា ។ ការរកឃើញមានចំនួនកើនឡើងនេះគឺបន្ទាប់ពីថ្ងៃទី២២ មកទល់ល្ងាចថ្ងៃទី២៥ ខែមេសានេះ ក្រុមការងារសុខាភិបាល និងគ្រូពេទ្យនៃមន្ទីរ និងសុខាភិបាល ស្រុក ក្រុង សហការជាមួយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញ និងកកងកម្លាំងប្រដាប់អាវុធ បានបើកយុទ្ធនាការ ប្រមូលជនបរទេស មានឥណ្ឌូណេស៊ី ចិន ថៃ និងពលរដ្ឋកម្ពុជា ជាច្រើននាក់ ដែលសង្ស័យប៉ះពាល់ ឆ្លងពីអ្នកជំងឺកូវីដ ១៩ ឈ្មោះ ចូហាន់ ស៊ូសានតូ (Johan Sunsanto) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកដើរទីផ្សារ (Markreting) ជនជាតិឥណ្ឌូណេស៊ី ស្នាក់នៅផ្ទះលេខ ១៣២បេ ក្នុងបូរីដួងច័ន្ទ មកយកវត្ថុសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយរកឃើញវិជ្ជមាន ៕