ខេត្តបន្ទាយមានជ័យ÷ជនជាតិថៃចំនួន៧នាក់មកស្នាក់នៅស្រុកខ្មែរគ្មានឯកសារគ្រប់គ្រាន់ ហើយបម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ។
សមត្ថកិច្ចការពារព្រំដែនបានប្រាប់ថា នៅថ្ងៃទី២៦ខែមេសា នេះកម្លាំងចម្រុះក្នុងនោះមានកម្លាំងនគបាលប៉ុស្ដិ៍ សង្កែ សេនាតូចការពារព្រំដែនគោកលេខ៨១៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេងបានសហការជា
មួយកម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យនិងកម្លាំងយោធាវរសេនាតូច ៥១១បានចុះប្រតិបត្តិការតាមព្រំដែនហើយបានទប់ស្កាត់ជនជាតិថៃចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញដោយគ្មានច្បាប់ត្រឹមត្រូវ។ ជនជាតិថៃទាំង៧នាក់នេះ ក្រោយពីសមត្ថកិច្ចសួរនាំ ពួកគាត់បានប្រាប់ឲ្យដឹងថា ពួកគាត់មកពីខេត្តឈៀងរ៉ាយប្រទេសថៃ មកស្នាក់នៅក្រុងប៉ោយប៉ែតរយៈពេល១សប្តាហ៍
ហើយ ដើម្បីធ្វើការងារ។ បន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញក៏ត្រូវសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចចម្រុះបានបញ្ជាក់ថា៖ក្រោយការសួរបំភ្លឺរួចជនជាតិថៃទាំង០៧នាក់បានឲ្យដឹងថាពួកគេបានទំនាក់ទំនងរកការងារធ្វើតាមហ្វេសប៊ុកហើយគេក៏ប្រាប់ថាមានកាងារធ្វើនៅទីក្រុងប៉ោយប៉ែតប្រទេសកម្ពុជា បន្ទាប់មកពួកគេក៏ឡើងជិះយន្តហោះចេញពីខេត្តឈាងរ៉ាយឆ្ពោះមកខេត្តសម៉ុតប្រាកាន បន្តដំណើរតាមរថយន្តឆ្ពោះមកស្រុកអារញ្ញខេត្តស្រះកែវដើម្បីបន្តដំណើរឆ្ពោះទៅជាយដែនកម្ពុជា-ថៃតាមច្រករុងក្លឿប្រទេសថៃស្ថិតនៅខាងជើងក្រុងប៉ោយប៉ែតប្រទេសកម្ពុជា ក្នុងគោលបំណងមករកការងារធ្វើនៅក្រុងប៉ោយប៉ែត។ តែដោយស្ថានភាពនៅក្រុងប៉ោយប៉ែតមានការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ទើបពួកគេក៏គ្មានការងារធ្វើ ហើយក៏នាំគ្នាវិលត្រឡប់ទៅប្រទេសថៃវិញតាមភូមិសាស្រ្តភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃជិះរថយន្តតាក់ស៊ីចំនួន០២គ្រឿង (មិនស្គាល់ម៉ាក)បើកបរ ដោយជនជាតិខ្មែរចំនួន០២នាក់។
លោកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ថាជនជាតិថៃទាំង០៧នាក់ក្នុងនោះមាន ស្រី០២នាក់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃរៀបចំបែបបទបញ្ជូនទៅប្រគល់ឲ្យកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោប៉ែត តាមរយៈនគរបាលអន្តោប្រវេសន៍កម្ពុជានៅច្រកអន្តរជាតិប៉ោយប៉ែត។ ប៉ុន្តែខាងសមត្ថកិច្ចភាគីថៃគេមិនទទួលដោយសំអាងថាឲ្យធ្វើចត្តាឡីស័កនៅកម្ពុជាសិនទើបគេទទួល។
បច្ចុប្បន្នជនជាតិថៃទាំង០៧នាក់ ត្រូវបញ្ជូនមកធ្វើចត្តាឡីស័ក នៅស្រុកម៉ាឡៃនៅឡើយ ៕