រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅចែកជូនបងប្អូន ប្រជាពលរដ្ឋក្រីក្រនៅតំបន់បិទខ្ទប់ចំនួន ១២០០០ គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក ដើម្បីចែកជូនស្បៀងអាហារជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុង ពេលនៃការបិទខ្ទប់ ដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះ
អាជ្ញាធរខណ្ឌនីមួយៗបានសហការយ៉ាងល្អជាមួយកងទ័ពជើងគោក ដោយកងកម្លាំងទាហានបានបន្តដឹកជញ្ជូនស្បៀងអាហារទៅជូនដល់ប្រជាពលរដ្ឋចំនួន ១២០០០គ្រួសារ ក្នុង១៤ខណ្ឌ។ ក្នុងចំណោមចំនួន១២០០០ គ្រួសារនោះ បានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋ នៅខណ្ឌពោធិ៍សែនជ័យចំនួន៣៥០០ គ្រួសារ ,ខណ្ឌមានជ័យចំនួន ២០០០គ្រួសារ, ខណ្ឌ ដង្កោ ចំនួន២០០០ គ្រួសារ, ខណ្ឌសែនសុខចំនួន ១៥០០គ្រួសារ, ខណ្ឌព្រែកព្នៅចំនួន១៥០០គ្រួសារ, ខណ្ឌឬស្សីកែវចំនួន៥០០គ្រួសារ ,ខណ្ឌជ្រោយចង្វារ ចំនួន ៥០០គ្រួសារ ,ខណ្ឌដូនពេញចំនួន ៧០០គ្រួសារ, ខណ្ឌ៧មករាចំនួន១០០០គ្រួសារ, ខណ្ឌទួលគោកចំនួន ៣០០គ្រួសារ,ខណ្ឌចំការមន៣០០គ្រួសារ ,
ខណ្ឌបឹងកេងកងចំនួន ៥០០គ្រួសារ , ខណ្ឌច្បារអំពៅចំនួន ៥០០គ្រួសារ។
សូមបញ្ជាក់ថា៖ កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោកចំនួន២០៦នាក់ និងរថយន្តចំនួន ៦២គ្រឿង ក្នុងការនាំស្បៀងអាហារទាំងនោះ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌខាងលើ ដែលមានដូចជា អង្ករ,មី ,ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខជាដើម។
ជាមួយគ្នានោះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈទទួល អំណោយពីសមាគមកាយរឹទ្ធិនារីកម្ពុជា នៅសាលារាជធានីភ្នំពេញកាលពី ព្រឹកថ្ងៃទី២៦ ខែមេសា កន្លងមក ឲ្យដឹងថា៖ សម្រាប់ថ្ងៃទី២៦ ខែមេសា អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកម្លាំងកងទ័ព ជើង គោក បានដឹកស្បៀង អាហារ យកទៅចែកជូនបងប្អូន ប្រជាពលរដ្ឋ និងកម្មករទីទាល់ក្រចំនួន១២០០០គ្រួសារ ទៅតាមការ ណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយការងារនេះនៅតែបន្តធ្វើ ដើម្បីរំលែកទុក្ខលំ បាករបស់ប្រជាពលរដ្ឋ ដែលរដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print