អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃពុធ ទី២៨ ខែមេសាថា កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic នឹងមិនបានចូលរួមប្រកួតការពារតំណែងជើងឯក Madrid Open របស់គាត់នៅសប្តាហ៍ក្រោយនោះទេ ខណៈដែលគាត់បានសម្រេចចិត្តធ្វើដំណើរទៅប្រកួតសម្រាប់ព្រឹត្តិការណ៍ ATP Masters 1000 វិញ។
សារព័ត៌មានរ៉យទ័របានផ្សាយថា កីឡាករវាយតឺន្នីសវ័យ៣៣ឆ្នាំរូបនេះត្រូវបានគេមើលឃើញថា ជាសកម្មភាពចុងក្រោយនៅលើទឹកដីកំណើតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ស៊ែប៊ីក្នុងសប្តាហ៍មុនដែលជាកន្លែងដែលរូបគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនពេលចាញ់កីឡាករ Aslan Karatsev របស់រុស្ស៊ី។
ក្នុងសារមួយដែលចែករំលែកដោយអ្នករៀបចំកម្មវិធី Madrid Open នៅលើបណ្តាញសង្គម Twitter កីឡាករ Djokovic បាននិយាយថា “សូមទោសដែលខ្ញុំនឹងមិនអាចធ្វើដំណើរទៅប្រកួត Madrid Open នៅឆ្នាំនេះ និងជួបអ្នកគាំទ្ររបស់ខ្ញុំទាំងអស់។ វាមានរយៈពេលពីរឆ្នាំរួចទៅហើយជាពេលវេលាយូរណាស់ សង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅឆ្នាំក្រោយ”។
ជំងឺរាតត្បាត COVID-19 បានបង្ខំឱ្យកម្មវិធី Madrid Open ឆ្នាំ២០២០ ត្រូវបានលុបចោលដែលមានន័យថា អ្នកឈ្នះឆ្នាំ២០១៩ គឺកីឡាករ Djokovic នៅតែជាម្ចាស់ជើងឯកចុងក្រោយក្នុងព្រឹត្តិការណ៍នេះ។
Djokovic នៅតែត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Rome Masters និង Belgrade Open នៅខែក្រោយក្នុងព្រឹត្តិការណ៍ French Open ដែលទីលានដីឥដ្ឋចាប់ផ្តើមនៅទីក្រុងប៉ារីសនៅថ្ងៃទី ៣០ ខែឧសភាខាងមុខនេះហើយ ៕ដោយ៖ភារៈ