ភ្នំពេញ÷សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅតាមបណ្តាខណ្ឌចំនួន៤ រួមមានខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ។
ការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរៀបចំឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយប្រគល់ភារកិច្ចដល់ក្រុមការងាររៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលជាទ្រង់ទ្រាយធំនៅក្នុងតំបន់ដែលមានហានិភ័យ ចាប់ដំណើរការចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២១តទៅ ដែលមានគណៈកម្មការចំពោះកិច្ចបានប្រគល់ឲ្យកងយោធពលខេមរភូមិន្ទ ទទួលខុសត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួនបួន គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ហានិភ័យនេះ គឺជាក្តីសង្ឃឹមនិងជឿជាក់មួយទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនិងកូវីដ១៩ ដែលជាជំងឺរាតត្បាតដល់កាចសាហាវនេះ។
គួរបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នឹងចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានប្រឹងប្រែងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាកុំអោយឆ្លងរោគកូវីដ-១៩។ មកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។
វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។
តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១លាន ៣សែននាក់ហើយ។ កម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ៕
ដោយ៖ សូរិយា