ភ្នំពេញ៖ ដើម្បីពង្រឹងនៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះ បានចុះពិនិត្យស្ថានភាពនៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ មាននៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។
ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនៅក្នុងតំបន់នានាទាំង៤ខណ្ឌនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្តលើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយសារតែយុទ្ធនាការនេះបងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយកការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដែលប្រឈមមុខនិឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមទាំងនេះ គឺជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលប្រឈមនឹងការឆ្លងជំងឺខ្លាំងនេះទទួលបានវ៉ាក់សាំងការពារសុខភាពពីការវាយប្រហារដោយមេរោគកូវីដ-១៩ ។
តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ខាងលើ ស្មើនឹង៣៣សង្កាត់។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិតដែលត្រូវទទួលវ៉ាក់សាំងសរុបប្រមាណ ៨០៥,០៣៣នាក់ តែមានប្រជាពលរដ្ឋប្រមាណ២៩ភាគរយហើយដែលបានចាក់វ៉ាក់សាំងរួច ស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករ និយោជិតប្រហាក់ប្រហែល១០០,០០០នាក់បានចាក់វ៉ាក់សាំងដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។ ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ មានចំនួនប្រមាណ ៤៧១,៥៧៣នាក់៕
ដោយ៖ សំរិត