ក្នុងរយៈពេល២៤ម៉ោងកន្លងមក ឡាវបានរកឃើញករណីឆ្លងកូវីដ- ១៩ ត្រឹមតែ៦៤នាក់ប៉ុណ្ណោះ ក្នុងរបាយការណ៍ថ្ងៃទី១ខែឧសភានេះ។ អ្នកឆ្លងសរុបបានកើនឡើងដល់ ៨២១នាក់ ក្នុងនោះមានអ្នកជាសះស្បើយ៥១នាក់ និងគ្មានអ្នកស្លាប់ឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួ។
បើទោះបីមានករណីឆ្លងកើនឡើងខ្ពស់ ប៉ុន្តែឡាវមិនមានករណីស្លាប់ម្នាក់ណាដោយសារតែកូវីដ- ១៩នោះឡើយ។ ចំណែកប្រទេសជិតខាងឡាវ មានវៀតណាម កម្ពុជា និងថៃ គឺមានអ្នកស្លាប់ជាច្រើន ពិសេសគឺប្រទេសថៃ។
សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១ បានផ្សាយថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន២១នាក់បន្ថែមទៀត ខណៈដែលប្រទេសអាស៊ានមួយនេះ កំពុងទទួលការឆ្លងរាតត្បាតរលកទី៣ នៃជំងឺដ៏កាចសាហាវនេះ បន្ទាប់ពីទទួលបានជោគជ័យរយៈពេល១ឆ្នាំ ក្នុងការគ្រប់គ្រងវា។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៨៩១នាក់បន្ថែមទៀតផងដែរ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៦៧,០៤៤នាក់ និងអ្នកស្លាប់សរុបកើនឡើងដល់ ២២៤នាក់។
ការផ្ទុះឡើងនៃការឆ្លងរាលដាល COVID-19 មួយរយៈចុងក្រោយនេះនៅថៃ ដែលរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមមកពីចក្រភពអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមានសមត្ថភាពចម្លងខ្ពស់នោះ រ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងចំនួន ៣៦,២៩០នាក់ និងអ្នកស្លាប់ចំនួន ១០៩នាក់ ក្នុងខែមេសាតែឯង។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ប្រទេសថៃបានចាក់ជូនប្រជាជនរបស់ខ្លួនជាង ២.៥លានដូស៕ដោយ សាធី
រូបភាព៖ REUTERS