រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេចកាត់បន្ថយការរឹតត្បិត ក៏ដូចជាផ្តល់ការប្រើប្រាស់បណ្តាញអុីនធើណេតឡើងវិញ។ ជាមួយគ្នានេះដែររដ្ឋាភិបាលក៏បានលុបចោលការចោទប្រកាន់ទៅលើមន្ត្រីទាំងឡាយ ដោយផ្តល់ឱកាសដល់ពួកគាត់ទៅធ្វើការឡើងវិញ។
សារព័ត៌មានAsiaNikkeiReview នៅថ្ងៃទី១ខែឧសភា បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងតែព្យាយាមធ្វើឲ្យប្រសើរឡើងវិញរាល់សកម្មភាពសេដ្ឋកិច្ច របស់ប្រទេសនេះ ក្រោយរយៈពេលជាង៣ខែធ្វើរដ្ឋប្រហារ។ បច្ចុប្បន្ន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានអនុញ្ញាតឲ្យមន្ត្រីរដ្ឋការវិលត្រឡប់មកធ្វើការវិញ។
ក្នុងពេលជាមួយគ្នានេះដែរ ធនាគារជាតិមីយ៉ាន់ម៉ា បានប្រកាសថា នឹងចាប់ផ្តើមបើកដំណើរការឡើងវិញ នៅថ្ងៃទី៣ខែឧសភា ហើយពលរដ្ឋអាចនឹងទៅបើកគណនីថ្មី ហើយអាចដកប្រាក់បានគ្រប់ពេល។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានស្នើដល់បណ្តាហាងលក់ទំនិញ ទីតាំងពាណិជ្ជកម្ម ភោជនីយដ្ឋាន ត្រូវតែមានឯកសារត្រឹមត្រូវអាចបើកដំណើរការឡើងវិញបាន។
នៅពេលនេះដែរមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងនៅតំបន់គ្រប់គ្រងដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន នៅជាប់ព្រំដែនថៃ បណ្តាលឲ្យពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសថៃ ។ មិនតែប៉ុណ្ណោះ ការវាយប្រហារប៉ះពាល់ដល់ពលរដ្ឋថៃនៅតាមព្រំដែនផងដែរ៕ ដោយ សាធី
រូបភាព៖ AFP/TTXVN