អាជ្ញាធរប្រមូលមនុស្សចំនួន៥០នាក់ដែលជាប់ពាក់ព័ន្ធបុរសឆ្លងកូវីដ-១៩ នៅក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបុរសម្នាក់យកសំណាកទៅពិនិត្យឃើញឆ្លងជំងឺកូវីដ-១៩ ជាអាជីវករលក់ដូរនៅផ្សារសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀល ០៣ ខែឧសភា ឆ្នាំ ២០២១ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចម្រុះ ចុះប្រមូលអាជីវករនៅក្នុងផ្សារដែលជាប់ពាក់ព័ន្ធចំនួន៥០នាក់ ពិនិត្យឃើញ០៥នាក់បន្ថែម សរុប៦នាក់ ក្នុងការធ្វើតេស្ត(Rapid Test)។
លោក ហ៊ឹល រ៉ាយ៉ា ក៏បានបញ្ជាក់ថា៖ ជំហានដំបូងនេះ គឺអាជ្ញាធរធ្វើការប្រមូលអាជីវករ ដែលជាប់ពាក់ព័ន្ធជាមួយអ្នកម្ដាយរបស់បុគ្គលដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងផ្សារសិរីសោភ័ណ និងមិត្តភក្ត្រ៌ ដែលមានវិជ្ជមាន ដើម្បីធ្វើការយកសំណាក ធ្វើតេស្តរហ័ស (Rapid Test) នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ មានចំនួន៥០នាក់ (ស្រី២៣នាក់ក្នុងនោះមានកុមារ២នាក់)។ លោកបានបញ្ជាក់ថា៖ លទ្ធផលនៃការធ្វើតេសត្តរហ័ស (Rapid Test) លើមនុស្សទាំង៥០នាក់ រកឃើញ៥នាក់វិជ្ជមាន បន្ថែម (ស្រី៣ ) ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលវិជ្ជមានកូវីដ -១៩ ។
លោក ហ៊ឹល រ៉ាយ៉ា ក៏បានអំពាវនាវដល់អ្នកដែលធ្លាប់ជាប់ពាក់ព័ន្ធ ប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ សូមប្រញ៉ាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅទីតាំងដែលអាជ្ញាធរបានរៀបចំនៅមន្ទីរពេទ្យបង្អែកក្រុងសិរសោភ័ណ។
សូមបញ្ជាក់ថា៖ បុរសដែលមានតេស្តវិជ្ជមានកូវិដ-១៩ ឈ្មោះ ប៉ាន រ៉ាស៊ី ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅនៅភូមិភ្នំកន្ទួត សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ អាជ្ញាធរ ក៏កំពុងប្រមូលអ្នកពាក់ព័ន្ធដើម្បីធ្វើតេស្ត រកកូវីដ-១៩បន្តទៀត ចំពោះអ្នកតេស្តលទ្ធផលអវិជ្ជមាន ត្រូវបានអាជ្ញាធរ យកទៅធ្វើចត្តាឡីស័កកម្រិត២ កងវ៉ា ដើម្បីតាមដានសុខភាពបន្ត៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print