ខេត្តមណ្ឌលគិរី៖ ជនជាតិចិនពីរនាក់នៅក្រុមហ៊ុនរង់ឈីងសិក្សារ៉ែមាសក្នុងស្រុកកែវសីមាដែលបង្កជម្លោះរហូតឈានដល់ប្រើអំពើហិង្សាដោយចេតនាទៅលើជន
រងគ្រោះបណ្តាលឱ្យរងរបួស ហើយជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។
ករណីហិង្សានេះបង្កឡើងដោយជនជាតិចិននេះបានកើតឡើងកាលពីថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២១នៅត្រង់ចំណុចក្រុមហ៊ុន រង់ឈីង សិក្សារ៉ែមាស ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ប្រភពបានឱ្យដឹងថា ជម្លោះហិង្សានោះបណ្តាលឱ្យជនរងគ្រោះឈ្មោះ យាន សៃសៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិនមានស្រុកកំណើតនៅខេត្តហុីណាន ប្រទេសចិន មុខរបរកម្មករ រងរបួសកំភួន ជើងស្តាំចំនួន៣កន្លែង និងរបួសចុងភ្លៅ១កន្លែងទៀត។
ជនសង្ស័យដែលប្រើអំពើហង្សានិងត្រូវឃាត់ខ្លួននោះឈ្មោះ ជ័ង សូស៊ីង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិិចិន មាន ស្រុកកំណើតនៅខេត្តសានតុង ប្រទេសចិន មុខរបរមេការក្រុមហ៊ុនរុងឈីងធ្វើរ៉ែមាស។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមានកូនកាំបិតចិតបន្លែ០១ដើម។
ជនសង្ស័យនិងជនរងជនគ្រោះស្នាក់នៅក្នុងក្រុមហ៊ុនរុងឈីងជាមួយគ្នាស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។
ការទាស់ពាក្យសម្តីគ្នាបណ្តាលឱ្យកើតជាជម្លោះគឺផ្តើមចេញពីជនសង្ស័យមិនបើកប្រាក់ខែឲ្យជនរងគ្រោះនិងម៉្យាងទៀតជនរងគ្រោះត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារពីកម្មករក្រុមហ៊ុនទៀតផងទើបកើតករណីនោះឡើង។
ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕