ខេត្តកំពង់ឆ្នាំង ៖ គ្រាប់៥ប្រភេទផ្សេងៗគ្នា ត្រូវបានប្រទះឃើញនៅក្នុងឃុំចំនួន៤នៅក្នុងភូមិសាស្រ្តស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគ្រាប់ទាំង៥ប្រភេទនេះត្រូវបានសមត្ថកិច្ចមូលដ្ឋាន និង កម្លាំងស៊ីម៉ាកចុះទៅប្រមូលយកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រាប់ទាំង៥ប្រភេទនេះ បានប្រទះឃើញនៅតាមដីស្រែ និង ចម្ការ របស់បងប្អូនប្រជាពលរដ្ឋនៅ ក្នុងឃុំចំនួន៤ គឺឃុំលង្វែក ឃុំឈូកស ឃុំអូរឫស្សី និងឃុំអំពិលទឹក គ្រាប់ទាំងនេះមាន៥ប្រភេទផ្សេងគ្នា -គ្រាប់ប្រភេទ៨១មីលីម៉ែត្រ ចំនួន០២ គ្រាប់ -គ្រាប់ប្រភេទ៦០មីលីម៉ែត្រ ចំនួន០១គ្រាប់ -គ្រាប់ប្រភេទ ១០៥ មីលីម៉ែត្រ ចំនួន០១ គ្រាប់ -គ្រាប់ M៧៩ចំនួន០១គ្រាប់ និង -គ្រាប់ WP ចំនួន០១ គ្រាប់ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បើតាមការបញ្ជាក់របស់ មន្រ្តីជំនាញស៊ីម៉ាកគ្រាប់ទាំង៥ប្រភេទនេះ គឺជាកាកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សល់ពីសង្រ្គាម ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់បាន ដែលនៅមានសមត្ថភាពផ្ទុះបាន ។នៅពេលនេះកម្លាំងស៊ីម៉ាកបានប្រមូលយកទុកកន្លែងមានសុវត្ថិភាព នៅអង្គភាពស៊ីម៉ាក ។
សមត្ថកិច្ចនៅមូលដ្ឋានបានឲ្យដឹងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានឃើញរាល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ហាមប៉ះពាល់ ត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍យកចេញឲ្យមានសុវត្ថិភាព ៕
ដោយ៖ ចន្ថា