ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការស្រាវជ្រាវឃាត់ខ្លួនបានករណីលួចមានស្ថានទម្ងន់ទោស។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ កាលពីថ្ងៃទី០៤-០៥-២០២១ វេលាម៉ោង៥ និង៣០នាទីព្រឹកជនសង្ស័យមានគ្នា៦នាក់ (គេចខ្លួន៤នាក់មិនស្គាល់ឈ្មោះ) មធ្យោបាយម៉ូតូ០៦គ្រឿងបានធ្វើសកម្មភាពយកជើងធាក់ផ្តួលយកម៉ូតូជនរងគ្រោះ ហើយរក្សាទុកកាំភ្លើងខ្លីគ្មានការអនុញ្ញាតនៅក្នុងបន្ទប់ខណៈកម្លាំងជំនាញឆែកឆេររកឃើញ ហើយក្រុមនេះក៏បានប្រព្រឹត្តបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀនទៀតផង។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន១-ឈ្មោះ អ៊ុង ដាវី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ (គ្មានសារធាតុញៀន)ជាអ្នកផ្សំគំនិត ។
២-ឈ្មោះ សឹក គីរីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកសាច់គោ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ (គ្មានសារធាតុញៀន)អ្នកផ្សំគំនិត និងបក្ខពួកគេចខ្លួន៤នាក់ទៀតកំពុងរត់គេចខ្លួន។
ពួកគេបានធ្វើសកម្មភាព ធាក់ផ្តួលយកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញIL-7734 របស់ជនរងគ្រោះឈ្មោះ ម៉ែន សុភាព ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានក្រឡុកបេតុងក្រុមហ៊ុនជូធាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារបាត់បង់គ្មាន , សម្ភារបន្សល់ទុកកាំភ្លើងខ្លី០១ដើម ម៉ាកK59 ពណ៌ទឹកប្រាក់ បង់០១ , គ្រាប់០៧គ្រាប់ , ម្សៅក្រាមសថ្លា០៥កូនថង់តូច , កាតគ្រីម៉ូតូ០៦សន្លឹក , ឧបករណ៍កែច្នៃសម្រាប់សេពគ្រឿងញៀនមួយចំនួនរបស់ជនសង្ស័យ និងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញIL-7734 សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕