នៅព្រឹកថ្ងៃទី៧ខែឧសភា(ពេលវេលានៅកម្ពុជា) ប៉ូលិសរដ្ឋ Minnesota អាមេរិក ទទួលបានព័ត៌មានស្តីពីការប្លន់សាខាធនាគារ Wells Fargo ក្នុងទីក្រុង Saint Cloud ។ ក្រុមចោរបានចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង។
មកទល់ពេលនេះ មានស្ត្រី៣នាក់ និងបុរសម្នាក់ត្រូវបានដោះលែង ប៉ុន្តែនៅពេលនេះគេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់នៅខាងក្នុងធនាគារនោះឡើយ។ ប៉ូលិសបានឲ្យដឹងថា ពេលនេះកំពុងចរចាជាមួយក្រុមចោរដើម្បីដោះលែងចំណាប់ខ្មាំង ។ នៅពេលនេះមិនទាន់មានករណីស្លាប់ឬរងរបួសនោះឡើយ។
កម្លាំងប៉ូលិសបានបញ្ជូន រថពាសដែកពីរគ្រឿង និងកម្លាំងសន្តិសុខជាច្រើនទៅកាន់ធនាគាររងគ្រោះ។ ប៉ូលិសបានជម្លៀសពលរដ្ឋរស់នៅក្នុងតំបន់ទៅកាន់តំបន់សុវត្ថិភាពដោយខ្លាចមានការបាញ់ប្រហារគ្នាកើតឡើង។
ចំណែកធនាគារ Wells Fargo ក៏បានបញ្ជាក់ពីសកម្មភាពប្លន់ខាងលើផងដែរ ហើយបញ្ជាក់ថា ការធានាសុវត្ថិភាពដល់បុគ្គលិកគឺជាអាទិភាពដំបូងបង្អស់៕
រូបភាព៖ AP