កាលពីល្ងាចថ្ងៃទី ៧ ខែឧសភានេះព័ត៌មានពីក្រសួងសុខាភិបាលវៀតណាមបានអោយដឹងថា ខ្លួនទើបតែបានទទួលព័ត៌មានពីមរណភាពគិលានុប្បដ្ឋាយិកា ដោយសារប្រតិកម្ម អាណាហ្វីឡាក់សុីស(anaphylaxis) ក្រោយពេលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ របស់ AstraZeneca ។ នេះគឺជាករណីដ៏កម្រមួយ ក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
វេជ្ជបណ្ឌិត Tu Quoc Tuan ប្រធានមន្ទីរសុខាភិបាលខេត្តអាងយ៉ាង បានឱ្យដឹងថា គិលានុប្បដ្ឋាយិកា ដែលស្លាប់នោះអាយុ៣៥ឆ្នាំ ធ្វើការនៅក្នុងមន្ទីរពេទ្យពហុព្យាបាល តឹងចូវ។ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្តអានយ៉ាង បានបញ្ជាក់ថា មូលហេតុនៃការស្លាប់របស់អ្នកគ្រូពេទ្យរូបនេះ គឺ “ដោយសារអាឡែរហ្សីុ មានប្រតិកម្មអាណាហ្វីឡាក់សុីស ។ នេះគឺជាករណីដ៏កម្រមួយ និងជាការស្លាប់ដំបូង បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅវៀតណាម” ។
វេជ្ជបណ្ឌិត Tu Quoc Tuan បានបញ្ជាក់ថា នាងត្រូវបានចាក់វ៉ាក់សាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅមន្ទីរពេទ្យ តឹងចូវ (Tan Chau) ។ មុនពេលចាក់វ៉ាក់សាំង នាងបានពិនិត្យសុខភាព ហើយត្រូវបានគេប្រាប់អំពីរោគសញ្ញា ដែលអាចកើតមាន ក្រោយពេលចាក់វ៉ាក់សាំង ។ បន្ទាប់ពីចាក់រួច នាងមានអាការតក់ស្លុត ហើយត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យតឹងចូវ ។ មន្ទីរពេទ្យក៏បានស្នើដល់មន្ទីរពេទ្យអានយ៉ាងនិងមន្ទីរពេទ្យជោរៃ ក្នុងទីក្រុងហូជីមិញ ដើម្បីពិគ្រោះយោបល់ ដោះស្រាយករណីនេះជាបន្ទាន់ ។
បន្ទាប់មក បុគ្គលិកពេទ្យស្រីរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តអានយ៉ាង ដោយក្រសួងសុខាភិបាលវៀតណាម បានស្នើដល់មន្ទីរពេទ្យជោរៃ បញ្ជូនអ្នកជំនាញសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យខេត្តអានយ៉ាង ដើម្បីផ្តល់ជំនួយបន្ទាន់ ។ ទោះយ៉ាងណា អ្នកគ្រូពេទ្យមិនអាចសង្គ្រោះបានក៏ស្លាប់នៅថ្ងៃទី ៧ខែឧសភា។
ប្រទេសវៀតណាម បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផលិតដោយក្រុមហ៊ុន AstraZeneca ចាប់តាំងពីថ្ងៃទី៨ ខែមីនា កន្លងមក ។ គិតត្រឹមថ្ងៃទី៧ខែឧសភា ប្រជាជនវៀតណាម ដែលបានទទួលវ៉ាក់សាំងក្រុមហ៊ុន AstraZeneca មានចំនួន ៧៤៧,៨២៧នាក់ នៅក្នុងខេត្ត-ក្រុង ចំនួន ៥៧ ដោយផ្តោតទៅលើក្រុមជួរមុខក្នុងការទប់ស្កាត់កូវីដ-១៩ ដែលប្រឈមនិងហានិភ័យខ្ពស់៕
រូបភាព៖ Hải Nguyễn