រដ្ឋាភិបាល អង់គ្លេសបានឲ្យដឹងថា យន្តហោះដឹកទំនិញធំបំផុត លើពិភពលោក បានចាកចេញពី Belfast ស្ថិតនៅអៀកឡង់ខាងជើង នៅថ្ងៃទី ០៧ខែឧសភា ដោយនាំម៉ាស៊ីនផលិតអ៊ុកសីហ្សែន៣គ្រឿង ដែលអាចផលិតអ៊ុកស៊ីហ្សែនបាន ១៨តោន និងម៉ាស៊ីនជំនួយដង្ហើម ១០០០គ្រឿង។
ការិយាល័យក្រសួងការបរទេសអង់គ្លេសបានឲ្យដឹងថា បុគ្គលិក អាកាសយានដ្ឋានបានធ្វើការពេញមួយយប់ដើម្បីរៀបចំ ការដឹកជញ្ជូជំនួយទៅកាន់ប្រទេសឥណ្ឌា តាមយន្តហោះដឹកជញ្ជូនធំបំផុតលើពិភពលោក Antonov 124។ តាមគម្រោងយន្តហោះ Antonov 124 នឹងចុះចតនៅក្នុងទីក្រុងញូវដេលី នាថ្ងៃទី ០៩ខែឧសភា ។
នៅពេលនេះដែរ ឥណ្ឌា មានករណីស្លាប់ដោយកូវីដ១៩ កើនឡើងដល់ទៅ៤១៩២នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក។ នេះជាចំនួនស្លាប់ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ធ្វើឲ្យចំនួនអ្នកស្លាប់សរុប ដល់ទៅ 238.283 នាក់។
នៅថ្ងៃទី ០៧ខែឧសភា ប្រទេសឥណ្ឌាក៏បានរកឃើញករណីឆ្លងដល់ទៅជាង ៤០១ពាន់នាក់ ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងជិត២២លាននាក់ហើយ។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសាររលកកូវីដ ១៩ លើកទីពីរ គឺនៅរដ្ឋ Maharashtra, Madhya Pradesh, Telangana និងរដ្ឋធានី New Delhi៕ ដោយ៖ធីរីណា