កាលពីថ្ងៃទី ៧ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា បានផ្សាយថា គណៈកម្មការវិនិយោគមីយ៉ាន់ម៉ា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន១៥ ក្នុងនោះមានកម្មវិធីដែលមានប្រាក់ច្រើនគឺ រោងចក្រអគ្គិសនី។
ប្រភពព័ត៌មានបានឱ្យដឹងថា គម្រោងវិនិយោគថ្មី ត្រូវបានរដ្ឋាភិបាលយោធាបើកភ្លើងខៀវ ក្នុងនោះមានវិស័យថាមពលអគ្គិសនី កសិកម្ម ផលិតកម្ម និងវិស័យទេសចរណ៍ …។ គណៈកម្មការវិនិយោគបានបញ្ជាក់ថា មានប្រាក់វិនិយោគកើនឡើងដល់ទៅ ២,៧ពាន់លានដុល្លារ និងបង្កើនការងារធ្វើបន្ថែមដល់ទៅ២៤៧៣នាក់។ ប្រទេសសិង្ហបុរី ចិន និងថៃ គឺជាអ្នកវិនិយោគច្រើនជាងគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កាលពីថ្ងៃទី ៧ខែឧសភា ការវាយប្រហារគ្នារវាងកម្លាំងទាហានមីយ៉ាន់ម៉ានិឹងក្រុមជនជាតិភាគតិច បណ្តាលឲ្យទាហានរដ្ឋាភិបាល១៦នាក់ស្លាប់ និងរបួសជាច្រើន ។ ការវាយប្រហារកើតឡើងនៅស្រុក Kani តំបន់Sagaing ។ នៅថ្ងៃដដែលនេះមានការបាញ់ប្រហារគ្នាដល់ទៅ៥លើកកើតឡើង។
នៅពេលនេះដែរ មីយ៉ាន់ម៉ាមិនទាន់អនុញ្ញាតដល់ឧបការីអង្គការសហប្រជាជាតិ ក៏ដូចជាគណៈប្រតិភូអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅឡើយទេ ដោយរង់ចាំស្ថានភាពល្អប្រសើរឡើងវិញសិន។
លោក Kaung Htet San អ្នកនាំពាក្យគណៈកម្មការដឹកនាំប្រទេសរបស់យោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា«បច្ចុប្បន្នយើងផ្តល់អាទិភាពដល់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រទេសជាតិជាមុនសិន»៕ ដោយ សាធី
រូបភាព៖ EPA