ភ្នំពេញ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានក្លាយជាតារាល្បីនាំមុខម្នាក់ក្នុងចំណោមតារាល្បីៗនៅកម្ពុជាមួយចំនួន ដែលបានខិតខំដុតដៃដុតជើងជួយចែករំលែក គាំទ្រ បំផុតគំនិតទៅកាន់មហាជនបន្ថែមឲ្យងាកមកចាប់អារម្មណ៍លើវិស័យកញ្ញាឯកនៅកម្ពុជា។ គេក៏កក់សម្គាល់ដែរថា នាងតែងតែធ្វើការចែករំលែក លើកទឹកចិត្តទៅកាន់បេក្ខភាពកញ្ញាឯកកម្ពុជាជានិច្ច ដែលសូម្បីតែ Profile នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងក៏បានដាក់ភ្ជាប់ជាមួយនឹងកញ្ញាឯកផងដែរ ពិសេសថ្មីៗនេះក្រោយពីកញ្ញារ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជាបានចាកចេញពីមាតុភូមិទៅចូលរួមប្រកួតលើឆាកអន្តរជាតិនៅសហរដ្ឋអាមេរិកនោះ។ ស្តាប់ហេតុផលដែលតារាស្រីរូបនេះបានពោលអំពីមូលហេតុដែលនាំឱ្យអ្នកនាងគាំទ្រវិស័យនេះនឹងធ្វើឲ្យទស្សនិកជនយល់ពីជម្រៅចិត្តរបស់នាង និងអាចធ្វើឲ្យលោកអ្នករំភើបរហូតព្រឺសម្បុរទៀតផង។
អ្នកនាងបញ្ជាក់ថា ព្រោះតែកញ្ញាឯកមិនត្រឹមតែអាចនាំយកសម្រស់នារីកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិប៉ុណ្ណោះទេ គឺថែមទាំងអាចយកសិល្បៈវប្បធម៌ខ្មែរទៅឱ្យពិភពលោកបានស្គាល់ថែមទៀតផង។ នាងថា វាគឺជាឱកាសបញ្ជាក់ថា សិល្បៈវប្បធម៌ដែលបានបង្ហាញគឺជារបស់ខ្មែរ មិនមែនរបស់ជាតិសាសន៍ដទៃទេ។ នាងថា ពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្រើន ពិសេសពីសមត្ថភាពរបស់ស្ត្រីខ្មែរ ហើយនាងរំពឹងថាប្រជាជនខ្មែរទាំងអស់នឹងរួមគ្នាចែករំលែក លើកទឹកចិត្ត ដល់ពួកគាត់លើឆាកអន្តរជាតិផងដែរ។
គួរបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុជាហាក់ទទួលបានការគាំទ្រច្រើន និងបានចូលរួមលើកមុខមាត់ជាតិលើឆាកប្រកួតទ្រង់ទ្រាយធំៗជាច្រើនក្រោយពីកម្ពុជាបានបញ្ចូលបេក្ខភាពបេក្ខនារីដែលមានទាំងរូបសម្រស់ និងសមត្ថភាពចូលរួមប្រកួត។ ក្រៅពីកញ្ញារ៉េត សារីតា ដែលបានត្រៀមឡើងឆាកប្រកួតនៅលើទឹកដីនៃសហរដ្ឋអាមេរិកនេះ នៅមានបេក្ខភាពបេក្ខនារីពីកម្ពុជា៣រូបផ្សេងទៀតក៏នឹងបង្ហាញមុខលើឆាកអន្តរជាតនៅចុងឆ្នាំ ២០២១នេះដែរ។ដូច្នេះនាងត្រៀមខ្លួនលើកទឹកចិត្តកញ្ញាឯកពីកម្ពុជា ៤ រូបទៀត និឹងបង្ហាញមុខលើឆាកអន្តរជាតិនៅឆ្នាំនេះមានកញ្ញា ប៊ី សុធារីនឹងចូលរួមប្រកួតក្នុងកម្មវិធី Miss Cham International 2021នៅប្រទេសវៀតណាម កញ្ញាឯកភេទទី៣ សុខ ប៉ូលីន ហៅ សៃហ្វុន នឹងត្រូវចូលរួមប្រកួតក្នុងកម្មវិធី Miss Queen International 2021 នៅព្រះរាជាណាចក្រថៃ និងកញ្ញា ភុំ សោភ័ណ្ឌ កញ្ញាឯកកម្ពុជា២០២០ នាងនឹងចាកចេញពីកម្ពុជាទៅចូលរួមប្រកួតកម្មវិធីសម្រស់Miss World 2021 នៅប្រទេសព័រតូរីកូ ៕