ភ្នំពេញ៖ លោក ឃួង ស្រេង ទទួលបានព័ត៌មានពាក់ព័ន្ធ នឹងនារិវ័យក្មេងម្នាក់សម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌមានជ័យចុះទៅទីតាំងកើតហេតុភ្លាមៗ ដើម្បីបញ្ជូននារីម្នាក់នេះ មកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ។
លោកឃួង ស្រេង ក៏បានបញ្ជូនថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០លានរៀលជូននារីម្នាក់នេះទាំងយប់ដែរ។
លោកឃួង ស្រេង បានបញ្ជាក់ឱ្យដឹងខណៈចុះទៅពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាព្រឹកថ្ងៃទី០៩ ឧសភានេះថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញ ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ចំពោះ សុខទុក្ខនិងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ ។ ជាក់ស្តែងកាលពីយប់ថ្ងៃទី០៨ ឧសភានេះខណៈ លោក ឃួង ស្រេង ទទួលបានព័ត៌មានពាក់ព័ន្ធនឹងនារិវ័យក្មេងម្នាក់សម្រាលកូនដោយខ្លួនឯង នៅខណ្ឌមានជ័យ លោកក៏បានចាត់ឱ្យអភិបាលខណ្ឌមានជ័យនិងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញទាំងយប់ឱ្យចុះទៅទីតាំងកើតហេតុភ្លាមៗ ដើម្បីបញ្ជូននារីម្នាក់នេះ មកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ។
លោកបញ្ជាក់ថា ៖ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ នៅក្នុងតំណាក់កាលនេះ យើងបានបំពេញការងាររាប់ពាន់ជំពូក ។ ដូច្នេះ បើមានបញ្ហាអ្វីសូមរាយការមកអាជ្ញាធរយើងនឹងចុះជួយភ្លាមៗ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ បើតាមការឱ្យដឹងពីមន្ត្រីខណ្ឌមានជ័យថា នៅវេលាម៉ោង ២៣និង៤៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០លានរៀល យកទៅជូនប្អូនស្រី ញាណ ចាន់ស៊ីណា ដែលបានសម្រាល កូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារ សង្កាត់ ភូមិបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៦និង៣០នាទីថ្ងៃទី៨ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយនារី ម្នាក់ ឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ បានឆ្លងទន្លេ ដោយ ខ្លួនឯង បានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយ ម្តាយបង្កើត ដោយពុំមានអ្នកណាដឹង ព្រោះដោយ សារគាត់ទើបតែឆ្លងទន្លេកូនស្រីទី១ បាន១០ ខែប៉ុណ្ណោះ ។ នៅពេលមានទម្ងន់កូនស្រីទី២នេះ នាងមិនដឹងខ្លួនឡើយ សូម្បីអ្នកជិតខាងនៅក្បែរបន្ទប់គ្នាក៏មានការងឿងឆ្ងល់ដែរ ដោយមិនដែលបានដឹងថាគាត់មានទម្ងន់កូនទី២នោះទេ ស្មានតែគាត់ឈឺក្រពះ។ ក្រោយពីបានដឹងពត៌មាននេះ អាជ្ញាធរមូលដ្ឋាន បានដឹកបញ្ជូនគាត់ទៅមណ្ឌលសុខភាពស្ទឹងមានជ័យ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា ៕
ដោយ៖ សំរិត