ខេត្តពោធិ៍សាត់ ៖ រថយន្តនឹងម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយបុកគ្នាបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់និងបុរស០២នាក់ទៀត រងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅម៉ោង០៥ និង៥០នាទីព្រឹក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តឈ្មោះ ទុយ តុលា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Ford ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AU-9960 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅ ពីលិចទៅកើត ។ ខណៈមកដល់ចំណុចកើតហេតុបានបុកម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្ដោងរ៉ឺម៉កដឹកផ្លែស្វាយ បើកពីកើតទៅលិចបណ្តាលឲ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ឈ្មោះ គឹមអាន កែវឡាយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (រងរបួសស្រាល) និងអ្នករួមដំណើរជាមួយចំនួន ០២នាក់ ១-ឈ្មោះ ឯក គឹមអាន ភេទប្រុស អាយុ៧៩ ឆ្នាំត្រូវជាឪពុក (រងរបួសស្រាល) ២-ឈ្មោះ ណុប ហ៊ុន ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តាមិនប្រកាន់ស្តាំ ។
បន្ទាប់ពីកើតហេតសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ។ ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងនគរបាលជំនាញ ប្រគល់ទៅឲ្យការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការទៅតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ