បុរសម្នាក់ធ្លាប់ជិះកង់ហាត់ប្រាណដើម្បីសុខភាពដោយឆ្លងទៅមកលើស្ពានមេគង្គរៀងរាល់ល្ងាច ស្រាប់តែមួយប៉ប្រិចភ្នែកគាត់ត្រូវរថយន្តបុកពីក្រោយស្លាប់បាត់បង់ជីវិត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គេតែធ្លាប់ឃើញគាត់(ជនរងគ្រោះ)ជិះកង់ហាត់ប្រាណរៀងរាល់ល្ងាចដើម្បីសុខភាព ស្រាប់តែមួយប៉ប្រិចភ្នែកសោះ គាត់ត្រូវរថយន្តបុកពីក្រោយដោយមិនដឹងខ្លួន ប៉ើងធ្លាក់ទៅខាងក្រោមស្ពានរងរបួសធ្ងន់ ហើយបានស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។  ហេតុការណ៍នេះកើតឡើងដោយសារតែរថយន្ត១គ្រឿងដែលបើកបរស្របទិសគ្នាជាមួយជនរងគ្រោះ ហើយប្រើល្បឿនយ៉ាងលឿនមិនប្រយ័ត្នទៅបុកពីក្រោយកង់ជនរងគ្រោះពេញទំហឹង កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦៖១៥នាទី នៅចំណុចក្បាលស្ពានមេគង្គ ត្រើយខាងកើត ស្ថិតនោក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង- ខេត្តស្ទឹងត្រែង ។

 បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលមានគ្រោះថ្នាក់ចរាចរណ៍នេះគេឃើញបុរសវ័យចំណាស់ខាងលើ បានជិះកង់ហាត់ប្រាណពីត្រើយខាងកើតទន្លេមេគង្គសំដៅឡើងលើស្ពាន ខណៈទៅដល់ចំណុចចក្បាលស្ពាន ក៏ស្រាប់តែមានរថយន្ត១គ្រឿង បោះពួយយ៉ាងលឿន(ជិះគ្នា២នាក់)ក្នុងទិសដៅស្របគ្នាពីកើតទៅលិចជ្រុលទៅបុកកង់ពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសចំណាស់ខាងលើនោះខ្ទាតធ្លាក់ចុះទៅខាងក្រោមក្បាលស្ពានរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ភ្លាមៗនោះ អ្នកនៅក្បែរកន្លែងកើតហេតុក៏បានទូរស័ព្ទហៅរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្ត មកដឹកយកទៅសង្រ្គោះផងដែរ តែជាអកុសលបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។ 

បើតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រថយន្តបង្កម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ចាម 2A.3323 បើកបរដោយបុរសម្នាក់ឈ្មោះហេង សុខណាក់ អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវាត់(រងរបួសស្រាល) និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះនាក់ ខ្លឹម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់(រងរបួសស្រាល) ។ 

ជនរងគ្រោះឈ្មោះគង់ ខេង អាយុ៦៣ឆ្នាំ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង(រងរបួសធ្ងន់)និងបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ក្រោយការវាស់វែងពីមន្រ្តីនគរបាលចរាចរណ៍បានសន្និដ្ឋានថា រថយន្តបង្កបើកក្នុងល្បឿនលឿន ហើយអ្នកបើកបរស្ថិតក្នុងស្ថានភាពមានជាតិអាល់កុលនៅក្នុងខ្លួន មិនប្រយ័ត្នធ្វើឲ្យរេចង្គូតទៅបុកជនរងគ្រោះស្លាប់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។

ចំណែកជនសង្ស័យជាអ្នកបើកបរនិងអ្នករួមដំណើរត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗរួមនិងវត្ថុតាងរថយន្តបង្កនិងកង់ជនរងគ្រោះនាំយកមករក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕

...

                  ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print