ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៣ ខែឧសភានគឺជាពេលវេលានៃការប្រកួតឈុតតំណាងជាតិបានមកដល់ហើយ។ អ្វីដែលចាប់អារម្មណ៍នោះដែរគឺ ឈុតតំណាងជាតិរបស់ប្រទេសនីមួយៗដែលវាបានក្លាយទៅជាប្រធានបទដ៏សំខាន់សម្រាប់អ្នកនិយមតាមដានវិស័យកញ្ញាឯកដែលមិនត្រឹមតែកម្ពុជា ទេ សូម្បីតែបណ្តាប្រទេសជាច្រើនក៏បានផ្តោតការចាប់អារម្មណ៍លើវាផងដែរព្រោះតែប្រទេសនីមួយៗបានច្នៃយ៉ាងសម្រិតសម្រាំងដើម្បីធ្វើការឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត សិល្បៈ វប្បធម៌ប្រពៃណី ជីវិតរស់នៅ និងជាឱកាសផ្សព្វផ្សាយវានៅលើឆាកអន្តរជាតិឲ្យពិភពលោកបានស្គាល់ ។ តោះពេលនេះយើងមកដឹងអំពីអត្ថន័យខ្លះៗនៃឈុតតំណាងជាតិកម្ពុជា រួមទាំងប្រទេសជិតខាងមានប្រទេស ថៃ វៀតណាម និងឡាវដែលនឹងបង្ហាញលើឆាកកញ្ញឯកចក្រវាឡពិភពលោក២០២០នៅរាត្រីនេះ។
ទី១៖ឈុតតំណាងជាតិកម្ពុជាដែលគ្រងដោយកញ្ញាឯកចក្រវាឡកម្ពុជា២០២០ កញ្ញា រ៉េត សារីតា៖ ឈុតនេះមានឈ្មោះថា “ ទេពរួបរូម” ។រចនាម៉ូតដោយ លោក គួន មាឃ និងឆ្លុះបញ្ចាំងពីការបញ្ជៀសទំនាស់ក្នុងការគោរពក្នុងព្រហ្មញ្ញសាសនាដែលរវាងព្រះសិវៈ និងព្រះវិស្ណុ និងដើម្បីបង្រួបបង្រួមទេវៈទាំងពីរ គេក៏បានបង្កើតទេវៈមួយអង្គដែលហៅថា ព្រះហរិហរៈ ដែលហរិតំណាងវិស្ណុ ហើយហរៈតំណាងសិវៈ។ឈុតតែមួយនេះក៏តំណាងឱ្យសាមគ្គីភាព សុខដុមនីយកម្មនិងសន្តិភាព។ រចនាបថសិល្បៈនៃសំលៀកបំពាក់នេះដើមឡើយត្រូវបានគេយកចេញពីគំនិតចម្លាក់បុរាណខ្មែរ។
ទី២៖ឈុតតំណាងជាតិប្រទេសឡាវ គ្រង់ដោយកញ្ញាឯកចក្រវាឡឡាវ២០២០កញ្ញា គ្រីស្ទីណា ឡាសាស៊ីមម៉ា៖ ឈុតនេះត្រូវបានរៀបចំតុបតែងជាទេវត្តាតំណាងឆ្នាំថ្មីបុត្រីកបិលមហាព្រហ្មក្នុងជំនឿនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ។ អ្វីដែលជាការកត់សម្គាល់ក៏មានការរចនាឆ័ត្រដ៏ទាក់ទាញ នូវរូបប្រាសាទនៃបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញនាខេត្តហ្លួងប្រាបាង។ឈុតនេះក៏មានការច្នៃប្រឌិតបន្ថែមនូវម៉ាសសម្រាប់ពាក់ការពារពីជឺផ្លូវដង្ហើមកូវីដ១៩ ដែលបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកកំពុងតែមានការព្រួយបារម្ភនោះ។
ទី៣៖ឈុតតំណាងជាតិប្រទេសវៀតណាម គ្រងដោយកញ្ញាឯកចក្រវាឡវៀតណាមកញ្ញា ខាន់វ៉ាន់ កក្រោមការរចនាម៉ូដឈ្មោះ និងជាការបង្ហាញពីវប្បធម៌តម្បាញសូត្របែប្រពៃណី របស់វៀតណាម។វាគឺជានិមិត្តរូបនៃស្មារតីប្រកបដោយភាពអត់ធ្មត់របស់ប្រជាជនវៀតណាម និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍភូមិសិប្បកម្មបែបប្រពៃណីនៅក្នុងប្រទេសនេះផងដែរ។ វាត្រូវបានជ្រើសរើសសម្រាប់កញ្ញាឯកវៀតណាមគ្រង ក្រោយពីដាក់ឲ្យមានការប្រកួតប្រជែងរួចមកនោះ។
ទី៤៖ ឈុតតំណាងជាតិប្រទេសថៃគ្រងដោយកញ្ញា អាម៉ាន់ដា៖ ឈុតនេះមានឈ្មោះថាSiamese Fighting Fish ឬឈុតត្រីប្រយុទ្ធច្នៃដោយអ្នកជំនាញឈ្មោះអាកាឆិសសុងផុង។ បើទោះបីជាមានលេចចេញរឿងចម្រូងចម្រាសអំពីការលួចចម្លងឈុតនេះទៅឲ្យកញ្ញាឯកMiss Grand Lao 2020 ដែលមើលទៅស្រដៀងគ្នា ក៏ឈុតនេះត្រូវបានបំពាក់ឲ្យកញ្ញាឯកចក្រវាឡខ្លួនចូលរួមប្រកួតដដែលដោយការបន្ថែមនិងផ្លាស់ប្តូរីគ្រឿងលម្អមួយចំនួន។ ត្រីប្រយុទ្ធ ឬត្រីក្រឹមជល់ដែលមានកន្ទុយមានពណ៌ស្រដៀងទៅនឹងទង់ជាតិប្រទេសថៃគឺមានតម្លៃខ្ពស់កប់ពពកនិងត្រូវបានគេចាត់ទុក្ខថាជាត្រីចិញ្ចឹមជាតិដ៏មានតម្លៃ។ វាមានពណ៌ស្រស់ឆើតឆាយ និងតំណាងឲ្យអ្នកប្រយុទ្ធនៅដងទន្លេ និងមានជាប់ពាក់ព័ន្ធទៅនឹងអក្សរសិល្បៈរបស់ប្រទេសថៃមួយផងដែរ។
គួរបញ្ជាក់ដែរថាកម្មវិធីប្រកួតផ្តាច់ព្រ័ត្រកម្មវិធីកញ្ញាឯកចក្រវាឡពិភពលោក ២០២០ ឬ Miss Universe 2020 នឹងរៀបចំកម្មវិធីផ្តាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ រសៀលថ្ងៃទី១៣ ខែឧសភា គឺជាវគ្គសម្ភាសន៍ជាមួយគណកម្មការ និងពេលរាត្រីគឺការប្រកួតឈុតដំណាងជាតិ ហើយសម្រាប់ថ្ងៃស្អែក ថ្ងៃទី១៤ ខែឧសភា គឺជាកម្មវិធីប្រកួតបឋម ហើយថ្ងៃទី១៥ជាថ្ងៃហាត់សមជាមួយកាំមេរ៉ា និងថ្ងៃទី១៦គឺជាថ្ងៃហាត់សមដោយការស្លៀកពាក់ និងចុងបញ្ចប់នៃកម្មវិធីប្រកួតនឹងថ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ៕
ដោយ៖ វឌ្ឍនា