ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១នេះ អ្នកកើតជំងឺកូវីដ-១៩ក្នុងខេត្តស្វាយរៀងសរុប ៣៩៤នាក់ ជាសះស្បើយ៣០៩នាក់ ក្នុងនោះមានស្រី១២៤នាក់ និងស្លាប់៥នាក។
លោកបន្តថា លោកបានដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំនួន ១៦នាក់ ចូលរួមផ្លាស់វេនក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែក ដែលកំពុងព្យាបាលក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិត ត្រូវបញ្ចប់ភារកិច្ច ១៤ថ្ងៃ នៅថ្ងៃនេះ ។
ការផ្លាស់វេនក្រុមគ្រូពេទ្យនេះមានការចូលរួមពី លោក វណ្ណ សុមុន្នី អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងបាវិត ប្រធានមន្ទីរពេទ្យបង្អែករមាសហែក លោកអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង លោកប្រធានមន្ទីរពេទ្យបង្អែកជីភូ និងលោកប្រធានផ្នែកចត្តាឡីស័ក ។
លោកបញ្ជាក់ទៀតថា នៅក្រុងបាវិតមានកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩មួយកន្លែង មានឈ្មោះថាមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិត ។
ចំពោះក្រុមគ្រូពេទ្យព្យាបាលនៅក្នុងមណ្ឌលព្យាបាលនេះ មន្ទីរសុខាភិបាលបានចល័តពីមន្ទីរពេទ្យផ្សេងៗក្នុងខេត្តមកជួយ ដោយប្តូរវេនវិលជុំ១៤ថ្ងៃម្តង ។
ជាក់ស្ដែង ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចូល ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែករមាសហែកចេញ ប៉ុន្តែក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែករមាសហែក ត្រូវបន្តចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ១៤ថ្ងៃបន្ថែមទៀត ទើបអនុញ្ញាតឱ្យទៅផ្ទះជួបជុំគ្រួសារ។ ដោយថ្ងែនេះជាវេនទី៤ហើយ ដែលវេនទី១ ទី២ គឺមន្ទីរពេទ្យបង្អែកជីភូ និងវេនទី៣មន្ទីរពេទ្យបង្អែកស្វាយទាប ។
លោកបានបន្តថា បច្ចុប្បន្ននេះនៅក្នុងខេត្តស្វាយរៀង មានមន្ទីរពេទ្យព្យាបាលកូវីដ-១៩ ចំនួន២ និងមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិត ១ ។
កន្លងមក ការផ្ទុះជំងឺកូវីដ-១៩ ភាគច្រើននៅទីក្រុងបាវិត គឺដោយសារការមិនគោរពនូវវិធានការសុខាភិបាល ប៉ុន្តែស្ថានការណ៍បានធូរស្រាលឡើងវិញ ដោយសារមានការគ្រប់គ្រងល្អ និងបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត ហើយនិងការចង្អុលបង្ហាញ និងអនុសាសន៍ល្អៗ ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង ។
បន្ទាប់មក លោកវេជ្ជបណ្ឌិតកែរ រដ្ឋា បានឧបត្តម្ភទឹកដោះឆៅ២០ឡូត៍ និងទឹកសុទ្ធ ២០កេស ជូនក្រុមគ្រូពេទ្យទាំង២ក្រុម ហើយនិងឧបត្តម្ភសមត្ថកិច្ច ៤នាក់ ម្នាក់ៗទទួលបានថវិកា ៥មុឺនរៀលផងដែរ ៕
ដោយ៖ យឹម សុថាន