ឥណ្ឌា បានចែកចាយថ្នាំព្យាបាលកូវីដ-១៩ដែលផលិតនៅក្នុងស្រុក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។ រដ្ឋាភិបាលឥណ្ឌាបានអនុម័តប្រើប្រាស់ថ្នាំ 2-DG ព្យាបាលអ្នកជំងឺកូវីដ-១៩។ ថ្នាំខាងលើត្រូវបានប្រើប្រាស់នៅតាមមន្ទីរពេទ្យក្នុងរដ្ឋធានីញូវដេលី ។
តាមការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌា ថ្នាំព្យាបាលថ្មីនេះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋដែលកំពុងរងទុក្ខដោយសារតែការឆ្លងកូវីដ-១៩ ។ ថ្នាំព្យាបាល 2-deoxy-D-glucose (2-DG)ផលិតឡើងដោយអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិ DRDO សហការជាមួយក្រុមហ៊ុនឱសថ Dr Reddy’s ។ តាមលទ្ធផលធ្វើតេស្តចុងក្រោយ ថ្នាំ2-DG ជួយដល់អ្នកជំងឺឆាប់ជាសះស្បើយ ដោយមិនចាំបាច់ប្រើប្រាស់ម៉ាស៊ីនជំនួយដកដង្ហើមនោះឡើយ ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh និងរដ្ឋមន្ត្រីសុខាភិបាលលោក ហាស វ៉ាដាន Harsh Vardhan នៅថ្ងៃចន្ទនេះបានសម្រេចបញ្ចេញព្យាបាលដំបូងនៃថ្នាំ 2DGប្រឆាំង COVID-19 ។ ថ្នាំដែលទើបតែផលិតបានជោគជ័យនេះ មិនត្រឹមតែជួយឥណ្ឌាប៉ុណ្ណោះទេ តែវាក៏នឹងត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយជំងឺឆ្លងដ៏កាចសាហាវមួយនេះជាលក្ខណៈសកលផងដែរ។
កាលពីថ្ងៃទី០៨ ខែឧសភា ក្រសួងការពារជាតិឥណ្ឌា បានបង្ហាញលទ្ធផលធ្វើតេស្ដឱ្យឃើញថា ថ្នាំ 2-deoxy-D-glucose (2-DG) មានសមត្ថភាពអាចព្យាបាលអ្នកជំងឺ COVID-19 ឱ្យឆាប់ជាសះស្បើយបានលឿនរហ័ស និងអាចកាត់បន្ថយរយៈពេលសម្រាកព្យាបាល ៕
រូបភាព៖ TTXVN