ខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ កីឡាករ Sami Khedira បានប្រកាសថានឹងចូលនិវត្តន៍បន្ទាប់ពីការប្រកួតចុងក្រោយរបស់គាត់នៅក្រុម Hertha Berlin នៃរដូវកាលនេះ ។
BBC Sport បានផ្សាយកាលពីថ្ងៃទី២០ ឧសភាថា ការសម្រេចចិត្តរបស់បុរសវ័យ៣៤ឆ្នាំរូបនេះកើតឡើង៣ខែបន្ទាប់ពីចូលរួមជាមួយក្រុម Herthaក្រោយពេលផ្លាស់ពីក្លិប Juventus ជាទីដែលគាត់បានឈ្នះពានរង្វាន់ Serie A ចំនួន៥ដង។
គាត់បានឈ្នះពានរង្វាន់ធំៗចំនួន១៦ក្នុងអំឡុងពេលអាជីពបាល់ទាត់រយៈពេល១៤ឆ្នាំរបស់គាត់ដោយឈ្នះពានរង្វាន់ Champions League និង La Liga ជាមួយក្លិប Real Madrid និងនៅលីគកំពូលអាល្លឺម៉ង់Bundesliga ជាមួយក្រុម Stuttgart ។
លោក Sami Khedira មានប្រសាសន៍ថា “ដល់ពេលត្រូវនិយាយលាហើយ”។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Instagram លោក Khedira បានបន្ថែមទៀតថា វាគឺជាកិត្តិយស ដែលបានលេង និងឈ្នះពានរង្វាន់ជាមួយក្លិបធំៗមួយចំនួន និងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៅពេលដែលប្រទេសអាល្លឺម៉ង់បានឈ្នះពានរង្វាន់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីល”។
ខណៈដែលលោក Khedira បានព្យាបាលជំងឺបេះដូងលោតមិនទៀងទាត់ពេលនៅជាមួយក្រុម Juventus កាលពីខែកុម្ភៈឆ្នាំ២០១៩ គាត់បានវិលត្រឡប់ទៅរកសកម្មភាពដើមវិញដោយជោគជ័យ និងជួយក្រុមឈ្នះពានរង្វាន់អ៊ីតាលី Serie A ពីរបន្ថែមទៀតជាមួយក្លិបមុនពេលវិលត្រឡប់មកបាល់ទាត់អាល្លឺម៉ង់វិញ។
Khedira នឹងចូលនិវត្តន៍មួយសប្តាហ៍បន្ទាប់ពីក្រុម Hertha ទទួលបានសុវត្ថិភាពក្នុងក្របខ័ណ្ឌ Bundesliga ដោយការប្រកួតចុងក្រោយប៉ះក្រុម Cologne នៅថ្ងៃសៅរ៍នេះ។ លោកបង្ហាញខ្លួនបាន៨ដងឲ្យក្រុម Herthaដោយការប្រកួតចុងក្រោយរបស់គាត់នឹងត្រូវធ្វើឡើងនៅ Hoffenheim នាចុងសប្តាហ៍នេះ ៕
ដោយ ៖ ភារៈ