រថភ្លើងចូលមកដល់ស្ថានីយយឺតមួយនាទី ត្រូវក្រុមហ៊ុនផ្លូវដែកជប៉ុន បើកការស្រាវជ្រាវពីមូលហេតុដែល បណ្តាលឲ្យយឺតយ៉ាវពេលវេលាដូច្នេះ ។ ក្រោយលទ្ធផលស្រាវជ្រាវរួចមក ក្រុមហ៊ុនក៏បានធ្វើការសុំទោសពលរដ្ឋជប៉ុនទាំងមូល។
ហេតុការណ៍ខាងលើកើតឡើងតាំងពីថ្ងៃទី១៦ខែឧសភា នៅលើជើងរថភ្លើងល្បឿនលឿន Shinkansen Hikari មានលេខបើកបរ៦៣៣ ធ្វើដំណើរពីទីក្រុងតូក្យូទៅកាន់ទីក្រុង អូសាកា។ ក្រោយការស្រាវជ្រាវបង្ហាញលទ្ធផលឱ្យឃើញថា អ្នកបើករថភ្លើងអាយុ៣៦ឆ្នាំ បានចាកចេញពីបន្ទប់បើកបររយៈពេល៣នាទី ដោយបានឱ្យបុគ្គលិកពិនិត្យសំបុត្រ អង្គុយនៅកៅអីបើកបរជំនួសខ្លួន ។ អ្នកត្រួតពិនិត្យសំបុត្រមិនមានលិខិតបើកបររថភ្លើងល្បឿនលឿននោះឡើយ ។
ក្រុមហ៊ុនផ្លូវដែក JR Central បានសុំទោសដល់អ្នកដំណើរ និងបានបញ្ជូនរបាយការណ៍ពីករណីខាងលើឡើងទៅកាន់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ចរាចរណ៍ និងទេសចរណ៍របស់ជប៉ុន ក្នុងការដោះស្រាយ ។ ក្រុមហ៊ុនបានសន្យាថា នឹងរឹតបន្តឹងហើយពិន័យដល់អ្នកបើកបរនិងអ្នកត្រូតពិនិត្យសំបុត្រ។
លោក Masahiro Hayatsu មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន JR Central បានលើកឡើងថា«ទាំងនោះជាសកម្មភាពមិនសមស្រប យើងខ្ញុំសុំទោស»។ ចំណែកមន្ត្រីរបស់ជប៉ុនក៏បានលើកឡើងថា សកម្មភាពខាងលើ គឺជាការបំពានច្បាប់ការងារ។ រដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកដំណើរ។
ចំណែកអ្នកបើកបររថភ្លើងវិញ ក៏បានសុំទោសជាសាធារណៈ ហើយនិយាយថាគាត់ឈឺពោះបត់ជើងទ្រាំមិនបានក៏ទៅបន្ទប់ទឹក ដោយមិនចង់ចតនៅស្ថានីយក្បែរៗនោះ អាចបង្កការយឺតយ៉ាវដល់អ្នកដំណើរ។
ប៉ុន្តែជើងរថភ្លើងនាពេលនោះ ទៅដល់ស្ថានីយយឺតពេលវេលា១នាទី ទើបធ្វើឲ្យក្រុមហ៊ុន JR Central បើកការស្រាវជ្រាវ៕
រូបភាព៖ VTC